(ប៊ែកឡាំង)៖ បុគ្គលិកដែលធ្វើការឱ្យគណៈកម្មការអឺរ៉ុប ត្រូវបានបញ្ជាឱ្យលុបចោលកម្មវិធី TikTok ចេញពីទូរស័ព្ទ និងឧបករណ៍របស់ក្រុមហ៊ុនដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

គណៈកម្មការនេះបាននិយាយថា ការធ្វើបែបនេះគឺជាការអនុវត្តវិធានការដើម្បីការពារទិន្នន័យ និងបង្កើនសន្តិសុខតាមអ៊ីនធឺណិត"។

កម្មវិធី TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance បានប្រឈមមុខនឹងការចោទប្រកាន់ថា បានប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ ហើយប្រគល់វាទៅរដ្ឋាភិបាលចិន ខណៈដែលក្រុមហ៊ុននេះចេញបដិសេធម្តងជាពីរដងថា កម្មវិធីរបស់ខ្លួនមិនដំណើរការខុសពីប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀតនោះទេ។

ការហាមឃាត់នេះក៏មានន័យថា បុគ្គលិកគណៈកម្មការអឺរ៉ុបមិនអាចប្រើប្រាស់ កម្មវិធី TikTok នៅលើឧបករណ៍ផ្ទាល់ខ្លួនផងដែរ។ គណៈកម្មការនេះនិយាយថា ខ្លួនមានបុគ្គលិកអចិន្ត្រៃយ៍ និងជាប់កិច្ចសន្យាប្រមាណ ៣២,០០០នាក់។

វិធានការនេះគឺតម្រូវឲ្យបុគ្គលិករបស់គណៈកម្មារអឺរ៉ុប លុបកម្មវិធី TikTok ពីទូរសព្ទដៃ ឬឧបករណ៍ផ្សេងៗឲ្យបានឆាប់តាមដែលអាចធ្វើបាន និងមិនលើសពីថ្ងៃទី១៥ ខែមីនានោះទេ។

ក្រុមហុន TikTok បាននិយាយថា ការសម្រេចចិត្តរបស់គណៈកម្មាធិការគឺផ្អែកលើការយល់ខុសអំពីវេទិការបស់ខ្លួន៕