(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា រុស្ស៉ីនឹងផ្តោតកាន់តែសំខាន់ទៅលើ ការពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន តាមរយៈការដាក់ពង្រាយមីស៉ីលបាលិស្ទីគជំនាន់ថ្មី បង្កើនចំនួនអាវុធល្បឿនលឿនជាងសំឡេង និងបន្ថែមនាវាមុជទឹកនុយក្លេអ៊ែរថ្មីៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងការថ្លែងសារនាឱកាស «ទិវាអ្នកការពារបេតុភូមិ» លោកប្រធានាធិបតីរុស្ស៉ី បានលើកឡើងយ៉ាងដូច្នេះថា «ដូចកាលពីមុន គឺយើងនឹងផ្តោតកាន់តែសំខាន់ទៅលើ ការពង្រឹងអាវុធនុយក្លេអ៊ែរត្រីមុខរបស់យើង» ដោយលោកចង់សំដៅលើមីស៉ីលនុយក្លេអ៊ែរ ដែលបាញ់ចេញពីដីគោក ពីផ្ទៃសមុទ្រ និងពីលើអាកាស។ លោក ពូទីន បាននិយាយថា មីស៉ីលនុយក្លេអ៊ែរហៅថា សាម៉ាត (Sarmat) ប្រភេទបាញ់ចេញពីមូលដ្ឋានក្រោមដី នឹងត្រូវដាក់ពង្រាយក្នុងឆ្នាំនេះ។
មីស៉ីល RS-28 Sarmat ដែលប្រើប្រាស់ឥន្ធនៈរាវនិងមានរហស្សនាមថា សាតាន់-២ (Satan-2) ត្រូវបានប្រកាសជាលើកដំបូងដោយលោក ពូទីន កាលពីឆ្នាំ២០១៨។ មីស៉ីលដែលមានបណ្តោយប្រវែង៣៥ម៉ែត្រនេះ អាចធ្វើដំណើរបានចម្ងាយរហូតដល់ ១៨,០០០គីឡូម៉ែត្រ និងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោច១០គ្រាប់ ដែលមានសមត្ថភាពកំណត់គោលដៅខុសៗគ្នា។
បន្ថែមពីនេះ លោក ពូទីន បានបន្តថា រុស្ស៉ីនឹងបង្កើនការផលិតទ្រង់ទ្រាយធំ នៃមីស៉ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) ដែលបាញ់ចេញពីយន្តហោះ ហើយចាប់ផ្តើមការផ្គត់ផ្គង់ទ្រង់ទ្រាយធំនៃមីស៉ីលល្បឿនលឿនជាងសំឡេង ហ្សៀខុន (Ziron) ដែលបាញ់ចេញពីនាវា។ មិនតែប៉ុណ្ណោះ នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ នឹងមានការដាក់ដំណើរការ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីៗ នៃគម្រោង Borei-A ចំនួន៣គ្រឿងបន្ថែមទៀត។ កាលពីចុងឆ្នាំមុន រុស្ស៉ីទើបតែសម្រេចការសាងសង់ នាវាមុជទឹកថ្មីមួយឈ្មោះថា Emperor Alexander III ដែលជានាវាមុជទឹកគ្រឿងទី៧ នៃគម្រោង Borei-A ដែលមួយគ្រឿងៗអាចផ្ទុកមីស៉ីលនុយក្លេអ៊ែរ Bulava បាន១៦គ្រាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក វ៉្លាឌីមៀ ពូទីន បានប្រកាសផ្អាកកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ដែលនៅសល់ចុងក្រោយបំផុត ជាមួយសហរដ្ឋអាមេរិក។ យ៉ាងណាក្តី កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា មិនមានសញ្ញាបង្ហាញថា រុស្ស៉ីកំពុងពិចារណាប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ក្រោយការព្យួសន្ធិសញ្ញា New START ក៏ដោយ៕