(មូស្គូ)៖ ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនរបស់លោកទើបនឹងបានការផ្គត់ផ្គង់គ្រាប់រំសេវបន្ថែម ក្រោយពីមានជម្លោះជាសាធារណៈជាមួយក្រុមថ្នាក់ដឹកនាំយោធារបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈបណ្តាញសង្គមតេឡេក្រាម លោក ព្រីហ្គូហ្ស៉ីន បានគូសបញ្ជាក់ថា «ថ្ងៃនេះ វេលាម៉ោង ៦ព្រឹក មានសេចក្តីប្រកាសជាផ្លូវការ អំពីការដឹកជញ្ជូនគ្រាប់រំសេវថាបានចាប់ផ្តើមហើយ។ ភាគច្រើន ការបញ្ជូនកំពុងចាប់ផ្តើមរហូតមកដល់ពេលនេះ។ ដូចដែលយើងបានប្រាប់ ឯកសារសំខាន់ៗត្រូវបានចុះហត្ថលេខារួចហើយ។ លោក ព្រីហ្គូហ្ស៉ីន បានបន្ថែមថា «អរគុណច្រើនចំពោះអ្នកដែលបានធ្វើសកម្មភាពផ្សេងៗ តាមដែលពួកគេអាចធ្វើបាន រួមទាំងអ្នកនៅក្នុងការិយាល័យជាន់ខ្ពស់ ដែលបានធ្វើការសម្រេចចិត្តផ្តល់គ្រាប់រំសេវដល់យើង»

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជម្លោះដ៏យូរអង្វែងជាមួយប្រមុខយោធារបស់រុស្ស៊ីបានកើនឡើងយ៉ាងខ្លាំង ដោយលោក ព្រីហ្គូហ្ស៉ី បានអះអាងថា ក្រុមមន្ត្រីបានបដិសេធផ្តល់អាវុធយុទ្ធភណ្ឌមកឲ្យក្រុមហ៊ុន Wagner ដោយសារតែបញ្ហាផ្ទាល់ខ្លួនចំពោះលោក។ បច្ចុប្បន្ន ប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ីរូបនេះ មានតួនាទីកាន់តែច្រើនលើដឹកនាំការប្រយុទ្ធរយៈពេលជាច្រើនខែរបស់រុស្ស៊ី សម្រាប់ទីក្រុងបាកមូត ក្នុងតំបន់ដូណេត របស់អ៊ុយក្រែន៕