(ជីស៉ីណូ)៖ មេដឹកនាំនៃប្រទេសម៉ុលដាវី បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកស្រីបានអញ្ជើញប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មកបំពេញទស្សនកិច្ចក្នុងប្រទេសរបស់លោកស្រី ដែលជាដែនដីអតីតសាធារណរដ្ឋសូវៀតដ៏តូចមួយ ចំពេលដែលនាក់ទំនងជាមួយរុស្ស៊ី កាន់តែមានភាពតានតឹង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈបណ្តាញសង្គម Facebook លោកស្រីប្រធានាធិបតី ម៉ារីយ៉ា សាន់ឌូ (Maia Sandu) បានគូសបញ្ជាក់ថា «ខ្ញុំបានប្រើឱកាសនៃកិច្ចប្រជុំ ក្នុងទីក្រុងវ៉ាសូវីនៃប្រទេសប៉ូឡូញ ដើម្បីបង្ហាញទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកថា ក្នុងស្ថានភាពលំបាកដែលយើងកំពុងជួបប្រទះពីសង្រ្គាមនៅជាប់ព្រំដែន យើងត្រូវការជំនួយពីសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីពង្រឹងភាពធន់នឹងសេដ្ឋកិច្ចរបស់យើង។ ខ្ញុំក៏បានអញ្ជើញលោកប្រធានាធិបតី បៃដិន មកបំពេញទស្សនកិច្ចក្នុងប្រទេសរបស់យើង»

លោកស្រី សាន់ឌូ បានបន្ថែមថា «ខ្ញុំសូមផ្ញើសារទៅកាន់ប្រធានាធិបតីបៃដិន ថាប្រជាជនម៉ុលដាវី ចង់ក្លាយជាផ្នែកមួយនៃពិភពលោកសេរី ដើម្បីរស់នៅដោយសុវត្ថិភាព និងសម្រេចបាននូវក្តីសុបិនរបស់ពួកគេក្នុងការក្លាយជាសមាជិកសហភាពអឺរ៉ុប»។ យ៉ាងនេះក្តីលោកស្រី សាន់ឌូ មិនបានបញ្ជាក់ថាតើ លោក បៃដិន មានការឆ្លើយតបយ៉ាងណាទេ។

គួរបញ្ជាក់ថា លោកស្រី សាន់ឌូ បានប្រកាន់ជំហរគាំទ្រលោកខាងលិច ចាប់តាំងពីជាប់ឆ្នោតជាប្រធានាធិបតីក្នុងឆ្នាំ២០២០ មក ហើយបានចូលរួមថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនដែលជាប្រទេសជិតខាង។ ក្រោមការដឹកនាំរបស់លោកស្រី ម៉ុលដាវី ទទួលបានការធានាអំពីឋានៈជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប៕