(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ទើបតែបានបញ្ចេញរូបភាពថ្មីមួយនៃបាឡុងរបស់ចិន ដែលកងទ័ពអាកាសអាមេរិក បានបាញ់ទម្លាក់នៅក្បែរឆ្នេររដ្ឋការ៉ូលីណាខាងត្បូង (South Carolina) កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូបភាពខាងលើ បង្ហាញឱ្យឃើញផ្នែកនៃមួករបស់ពីឡុតអាមេរិកម្នាក់ ស្ថិតនៅក្នុងយន្តហោះយោធាមួយគ្រឿងប្រភេទ U-2 ដែលហោះនៅលើបាឡុងចិន ហើយវាត្រូវបានថតកាលពីថ្ងៃទី៣ ខែកុម្ភៈ នៅពេលបាឡុងនោះស្ថិតនៅក្បែររដ្ឋកានសាស់ (Kansas)។ បាឡុងដែលទីក្រុងវ៉ាស៉ីនតោនអះអាងថាជា បាឡុងសម្រាប់ស៉ើបការណ៍របស់ចិន ត្រូវបានបាញ់ទម្លាក់ដោយមីស៉ីល AIM-9X Sidewinder ពីយន្តហោះចម្បាំង F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ពេលដែលវាលែងស្ថិតនៅលើផ្ទៃដីតទៅទៀត ប៉ុន្តែនៅលើដែនទឹករបស់សហរដ្ឋអាមេរិក។ កាលពីសប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសពីការសម្រេចដោយជោគជ័យ នូវការងារស្រង់បាឡុងចិនចេញពីផ្ទៃសមុទ្រ ដើម្បីយកមកសិក្សាវិភាគ។
គួរបញ្ជាក់ថា មិនយូរប៉ុន្មានក្រោយការបាញ់ទម្លាក់បាឡុងចិន យោធាអាមេរិកក៏បានប្រើយន្តហោះចម្បាំង បាញ់ទម្លាក់វត្ថុមិនស្គាល់អត្តសញ្ញាណ៣ផ្សេងទៀត ផងដែរ ក្នុងចន្លោះពេលសរុប៨ថ្ងៃ។ ក្នុងចំណោមនោះ វត្ថុមួយនៅលើរដ្ឋអាឡាស្កា (Alaska), មួយទៀតនៅលើប្រទេសកាណាដា ក្បែររដ្ឋ Alaska និងមួយចុងក្រោយនៅលើបឹងហ៊ូរ៉ូន (Huron) ជាប់ព្រំប្រទល់ជាមួយកាណាដា។ ប្រតិបត្តិការស្វែងវត្ថុទាំងនោះក្រោយការបាញ់ទម្លាក់ បានបិទបញ្ចប់ទៅវិញ ដោយរកពួកវាមិនឃើញឡើយ ហើយក៏មិនមានរូបភាពពាក់ព័ន្ធនឹងវត្ថុមិនស្គាល់អត្តសញ្ញាញទាំងនោះដែរ៕