(មូស្គូ)៖ ទីក្រុងមូស្គូបានអះអាងថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) និងមន្រ្តីការទូតកំពូលរបស់ចិនគឺ លោក វ៉ាង យី (Wang Yi) មិនបានពិភាក្សាគ្នាអំពីអ្វីដែលសេចក្តីរាយការណ៍ព័ត៌មានមួយចំនួនហៅថា ផែនការសន្តិភាពរបស់ចិនសម្រាប់ដោះស្រាយជម្លោះនៅអ៊ុយក្រែននោះឡើយ នៅពេលដែលអ្នកទាំងពីរបានជួបគ្នា នៅក្នុងប្រទេសរុស្ស៉ី កាលពីថ្ងៃពុធសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក វ៉ាង យី ក្នុងនាមជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិន ដែលបានមកបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ គិតចាប់តាំងពីរុស្ស៉ីបានឈ្លានពានទៅលើអ៊ុយក្រែន កាលពី១ឆ្នាំមុន បានពិភាក្សាជាមួយលោក ឡាវរ៉ូវ ហើយនិងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងជំនួបដាច់ដោយឡែកពីគ្នា ចំពេលមានការសង្ស័យថា ភាគីទាំងពីរអាចនឹងជជែក អំពីផែនការសន្តិភាពរបស់ចិនសម្រាប់វិបត្តិអ៊ុយក្រែន។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយដូច្នេះថា «យើងបានកត់សម្គាល់ឃើញ សេចក្តីថ្លែងការណ៍របស់អ្នកនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន ពាក់ព័ន្ធទៅនឹងអ្វីដែលគេនាំគ្នាហៅថា ផែនការសន្តិភាពរបស់ចិន។ ដូចរាល់ដងដែរគឺ ពួកគេបានបង្កការភាន់ច្រឡំចំពោះរូបភាពពិតប្រាកដ»។ លោកស្រី ហ្សាខារ៉ូវ៉ា បានបកស្រាយថា «ដៃគូចិនបានប្រាប់យើងអំពីទស្សនៈរបស់ពួកគេ ស្តីពីដើមចមនៃវិបត្តិអ៊ុយក្រែន ព្រមទាំងអំពីមធ្យោបាយដើម្បីឆ្ពោះ​ទៅរកដំណោះស្រាយនយោបាយ សម្រាប់វិបត្តិនេះ។ មិនមានការពិភាក្សាអំពីផែនការដាច់ដោយឡែកណាផ្សេងនោះទេ»

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ទីក្រុងមូស្គបានបង្ហាញការស្វាគមន៍ ចំពោះការដែលចិនខិតខំដើរតួនាទីយ៉ាងសកម្ម ក្នុងកិច្ចប្រឹងប្រែងដើម្បីជួយដោះស្រាយ​បញ្ហាជម្លោះនៅអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនវាយតម្លៃខ្ពស់ចំពោះគោលជំហរដែលមានតុល្យភាពរបស់ចិន ខណៈទីក្រុងប៉េកាំងបានឱ្យសញ្ញាថា ខ្លួន​ត្រៀមលក្ខណៈដើម្បីដើរតួនាទីស្ថាបនាថែមទៀត៕