(ម៉ានីល)៖ ក្រុមមន្រ្តីហ្វីលីពីនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា តាមការបញ្ជាក់ពីក្រុមភ្នាក់ងារជួយសង្រ្គោះ គឺមនុស្សសរុបចំនួន៤នាក់បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីយន្តហោះរបស់ពួកគេ បានធ្លាក់នៅលើភ្នំភ្លើងសកម្មមួយ ក្នុងប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រុមជនរងគ្រោះខាងលើ ដែលរួមមានជនជាតិអូស្រ្តាលី២នាក់ បានស្ថិតនៅលើយន្តហោះខ្នាតតូចមួយគ្រឿងធុន Cessna 340 ដែលបានធ្លាក់កាលពីវេលាព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ក្រោយហោះចាកចេញពីអាកាសយានដ្ឋានអន្តរជាតិប៊ីខុល (Bicol) ក្នុងខេត្តអាល់បេ (Albay) ភាគកណ្តាលប្រទេសបានតែបន្តិច ជាមួយគោលដៅឆ្ពោះទៅកាន់រដ្ឋធានីម៉ានីល ខណៈព្រលានយន្តហោះនោះ ស្ថិតនៅត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីភ្នំភ្លើងមួយ ឈ្មោះថា ម៉ាយ៉ូន (Mayon)។ អាជ្ញាធរហ្វីលីពិនបានប្រាប់ថា ក្រុមសង្រ្គោះបានទៅដល់កន្លែងធ្លាក់យន្តហោះកាលពីថ្ងៃពុធ ហើយរកឃើញថាពុំមានអ្នកនៅរស់ឡើយ។
គួរបញ្ជាក់ថា យោងតាមអាជ្ញាធរអាកាសចរណ៍ស៉ីវិលហ្វីលីពីន ទីតាំងនៃហេតុការណ៍ធ្លាក់យន្តហោះខាងលើ ស្ថិតនៅលើជម្រាលភាគខាងលិចនៃភ្នំភ្លើង ម៉ាយ៉ូន កម្ពស់ប្រហែល១,០៧០-១,២០០ម៉ែត្រ ពីលើកម្ពស់នីវ៉ូទឹកសមុទ្រ។ យន្តហោះដែលធ្លាក់ ត្រូវបានប្រទះឃើញពីលើអាកាសតាំងតែពីថ្ងៃអាទិត្យ ប៉ុន្តែការធ្លាក់ភ្លៀង ដុំពពក និងហានិភ័យនៃបន្ទុះភ្នំភ្លើង បានបង្កជាឧបសគ្គដល់កិច្ចប្រឹងប្រែងដើម្បីធ្វើដំណើរឡើងទៅកាន់កន្លែងនោះ៕