(មូស្គូ)៖ កំលុងជំនួបពិភាក្សាជាមួយមន្រ្តីការទូតជាន់ខ្ពស់បំផុតរបស់ចិន គឺលោក វ៉ាង យី (Wang Yi) កាលពីថ្ងៃពុធសប្តាហ៍នេះ នៅឯវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំងនិងទីក្រុងមូស្គូ មានសារសំខាន់ជាខ្លាំងដើម្បីរក្សាស្ថិរភាពនៃស្ថានការណ៍អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ពូទីន បាននិយាយក្នុងជំនួបជាមួយលោក វ៉ាង យ៉ាងដូច្នេះថា «កិច្ចសហប្រតិបត្តិការរវាងចិននិងរុស្ស៉ីលើឆាកអន្តរជាតិ មានសារសំខាន់ខ្លាំងណាស់ ដើម្បីរក្សាស្ថិរភាពស្ថានការណ៍អន្តរជាតិ»។ ចំណែកលោក វ៉ាង វិញ បានប្រាប់លោក ពូទីន ថា «ដោយរួមគ្នាជាមួយភាគីរុស្ស៉ី យើងត្រៀមលក្ខណៈជាស្រេច ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត ក៏ដូចជាកិច្ចសហប្រតិបត្តិការស៉ីជម្រៅរបស់យើងបន្ថែមទៀត»។ លោក វ៉ាង យី នៅតែប្រកាន់ជំហរថា ភាពជាដៃគូរវាង​ប្រទេសទាំងពីរ មិនមានគោលដៅប្រឆាំងនឹងប្រទេសទី៣ណាមួយនោះទេ ហើយមិនចុះញ៉មចំពោះការដាក់សម្ពាធពីខាងក្រៅឡើយ។ មុនជួបលោក ពូទីន លោក វ៉ាង ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ ផងដែរ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅប្រទេសរុស្ស៉ីកើតមានឡើង ស្របពេលដែលចិនកំពុងព្យាយាមដើរតួនាទីជាអ្នកសម្រុះសម្រួលជម្លោះ ហើយត្រូវគេរំពឹងថានឹងបង្ហាញចេញនូវដំណោះស្រាយផ្នែកនយោបាយរបស់ខ្លួន សម្រាប់វិបត្តិសង្រ្គាមអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ ទីក្រុងប៉េកាំងបានប្រកាន់​គោលជំហរមួយ ដែលមានលក្ខណៈអព្យាក្រឹត ហើយទន្ទឹមគ្នាអាចរក្សានូវចំណងទាក់ទងជិតស្និទ្ធដដែលជាមួយទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្ត។ យ៉ាងណាក្តី ទីក្រុងវ៉ាស៉ីនតោននិងអង្គការណាតូ (NATO) បានបង្ហាញក្តីបារម្ភថា ចិនប្រហែលជាកំពុងត្រៀមបញ្ជូនអាវុធជួយរុស្ស៉ី បើទោះបីជាទីក្រុងប៉េកាំងបានបដិសេធ​ក៏ដោយ៕