(ប៉េកាំង)៖ មនុស្សយ៉ាងហោច ២នាក់បានស្លាប់ និងមនុស្សច្រើនជាង៥០នាក់បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍បាក់រលំទីតាំងអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង នៅភាគខាងជើងនៃតំបន់ស្វយ័ត ម៉ុងហ្គោលី នៅប្រទេសចិន នាថ្ងៃពុធនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នេះបើយោងតាមទូរទស្សន៍រដ្ឋ CCTV ការបាក់រលំនេះកើតឡើងនៅផ្នែកខាងលិចនៃតំបន់ Alxa League នៅវេលាម៉ោង១ថ្ងៃត្រង់។ បណ្តាញទូរទស្សន៍រដ្ឋ CCTV បានផ្សព្វផ្សាយថា «នាពេលបច្ចុប្បន្ន, ឧប្បត្តិហេតុនេះបានបង្កឲមនុស្ស២នាក់ស្លាប់ រងរបួស៦នាក់, ជាមួយនឹងមនុស្សបាត់ខ្លួន ៥៣នាក់ទៀត»។ កាលពីថ្ងៃពុធកន្លងទៅ , ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា «បុគ្គលិកធ្វើការ និងឡានមួយចំនួនត្រូវបានកប់»

ការរអិលបាក់ដីកាលពីល្ងាចថ្ងៃពុធ បណ្តាលឲ្យប្រតិបត្តិការជួយសង្រ្គោះត្រូវផ្អាក ហើយមិនអាចបន្តឡើងវិញបានទេរហូតដល់ម៉ោង ៦ព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)។ មុនពេលមានការរអិលបាក់ដី ក្រុមសង្គ្រោះចំនួន៤នាក់ក្នុងចំណោម១០៩នាក់ កំពុងស្វែងរកកម្មកររ៉ែដែលជាប់នៅក្នុងនោះ។ អ្នកពន្លត់អគ្គីភ័យចំនួន ២៣៨នាក់ រថយន្តពន្លត់អគ្គីភ័យចំនួន ៤១គ្រឿង និងសត្វសុនខសង្គ្រោះចំនួន ៦ក្បាល ត្រូវបានបញ្ជូនឲ្យចូលរួមក្នុងប្រតិបត្តិការនេះ។ នៅមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ និងរបួសក្នុងការរអិលបាក់ដីបន្ថែមពីលើការបាក់រលំទីតាំងអណ្តូងរ៉ែធ្យូងថ្មនេះនោះទេ។

គួរបញ្ជាក់ថា ធ្យូងថ្មគឺជាប្រភពថាមពលដ៏សំខាន់នៅក្នុងប្រទេសចិន ប៉ុន្តែការអនុវត្តស្ដង់ដារសុវត្ថិភាពតិចតួចនៃអណ្តូងរ៉ែតែងតែបង្កបញ្ហាឲ្យមានមនុស្សស្លាប់ បើទោះបីជាមានការបញ្ជាពីរដ្ឋាភិបាលម្តងហើយម្តងទៀត សម្រាប់ការកែលម្អសុវត្ថិភាពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ តំបន់ស្វយ័តម៉ុងហ្គោលី គឺជាទីតាំងផលិតធ្យូងថ្មដ៏សំខាន់របស់ប្រទេសចិន។ កាលពីឆ្នាំ២០២២ ចិនបាននិងកំពុងព្យាយាមជំរុញទិន្នផលពីអណ្តូងរ៉ែ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលលើការផ្គត់ផ្គង់កាន់តែច្រើន និងស្ថិរភាពនៃតម្លៃ៕