(សៅប៉ូឡូ)៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ៤៨នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់ និងការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់ឈានចូលដល់ថ្ងៃទី៤។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

អភិបាលរដ្ឋធានីសៅប៉ូឡូ (Sao Paulo) លោក តាស៉ីយ៉ូ ដេ ហ្វ្រេតាស់ (Tarcisio de Freitas) បាននិយាយថា បច្ចុប្បន្នយើងមានចំនួនជនរងគ្រោះចំនួន ៤៨នាក់។ រីឯអ្នកបាត់ខ្លួនមានចំនួន ៣៨នាក់។ មនុស្សប្រហែល ២,៥០០នាក់ នាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់ពួកគេ។

ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដា ស៉ីលវ៉ា (Luiz Inacio Lula da Silva) បានចុះទៅពិនិត្យផ្ទាល់ដល់តំបន់រងគ្រោះកាលពីថ្ងៃចន្ទដើមសប្តាហ៍ ដោយសន្យាថានឹងផ្តល់ជំនួយរបស់រដ្ឋាភិបាលសហព័ន្ធ និងណែនាំដល់អ្នកស្រុកកុំឲ្យសង់សំណង់ឡើងវិញ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។ តាមការប៉ាន់ប្រមាណ ៩.៥លាននាក់ នៃប្រជាជនប្រេស៊ីលសរុប ២១៥លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃទឹកជំនន់ ឬការរអិលបាក់ដីជាញឹកញាប់ ហើយជាពលរដ្ឋក្រីក្រដែលរស់នៅតាមសំណង់អគារមិនរៀបរយ។

គួរបញ្ជាក់ថា ក្តីសង្ឃឹមមានតិចតួចប៉ុណ្ណោះក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត ពីការធ្លាក់ភ្លៀងយ៉ាងធ្ងន់ធ្ងរកាលពីចុងសប្តាហ៍មុន ដែលបានប្រែក្លាយទីក្រុងរមណីយដ្ឋានដ៏ពេញនិយម គឺទីក្រុងសៅប៉ូឡូ និងកន្លែងជុំវិញនោះទៅជាតំបន់គ្រោះមហន្តរាយ។ ប្រេស៊ីល ប្រឈមមុខនឹងការកើនឡើងនៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ដែលអ្នកជំនាញនិយាយថា ទំនងជានឹងកាន់តែអាក្រក់ដោយសារកត្តាប្រែប្រួលអាកាសធាតុ៕