(បែរឡាំង)៖ មេបញ្ជាការនៃទីបញ្ជាការហ្វឹកហ្វឺនពិសេសរបស់អាល្លឺម៉ង់ បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អ្នកឯកទេសយោធារាប់រយនាក់មកពីប្រទេសដទៃទៀត នឹងមកចូលរួមជួយដល់ គ្រូបង្វឹកយោធាអាល្លឺម៉ង់ ដែលកំពុងបង្រៀនទាហានអ៊ុយក្រែនប្រហែល ១,០០០នាក់ អំពីរបៀបប្រើប្រាស់រថក្រោះរបស់លោកខាងលិច និងអាវុធផ្សេងទៀត។ នេះបើយោងតាមការ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងបទសម្ភាស៍ជាមួយ Reuters នៅឯទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងស្រ្តូសស្បឺគ (Strausberg) ស្ថិតនៅក្បែររដ្ឋធានីបែរឡាំង លោកឧត្តមសេនីយ៍ឯក អាន់ឌ្រីស ម៉ាឡូ (Andreas Marlow) បានគូសបញ្ជាក់ថា «យើងកំពុងនិយាយអំពីវត្តមានចូលរួមរបស់ទាហានចន្លោះពី ៣០នាក់ ទៅ៥០នាក់ មកពីប្រទេសន័រវែស និងជាច្រើនរយនាក់មកពីប្រទេសហូឡង់ ក៏ដូចជា បំណងចង់រួមចំណែកបន្ថែមពីប្រទេសដទៃទៀត»។ ឧត្តមសេនីយ៍ឯករូបនេះ បានបន្ថែមថា «គ្រូបង្វឹកបន្ថែមក្នុងដំណាក់កាលដំបូងត្រូវបានគេរំពឹងថា នឹងមកដល់អាល្លឺម៉ង់ នៅចុងខែមីនា ខាងមុខនេះ។ ខ្ញុំសង្ឃឹមថាយើងនឹងអាចបញ្ចុះបញ្ចូលដៃគូបន្ថែមទៀតឲ្យគាំទ្រយើង ក្នុងដំណើរការនេះ»

បើតាមលោក ម៉ាឡូ រហូតមកដល់ពេលនេះ គ្រូបង្គោលអាល្លឺម៉ង់ប្រហែល ១,៥០០នាក់ បាននិងកំពុងរៀបចំការហ្វឹកហ្វឺនដោយមានគោលដៅបញ្ចប់វគ្គសិក្សា ឲ្យដល់កងទ័ពអ៊ុយក្រែន ប្រហែល ៩,០០០នាក់ ឬច្រើនជាងនេះ នៅចុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ទីបញ្ជាការហ្វឹកហ្វឺនពិសេសអាល្លឺម៉ង់ គឺជាផ្នែកមួយនៃបេសកកម្មយោធារបស់សហភាពអឺរ៉ុប ដែលបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបណ្តុះបណ្តាលទាហាន អ៊ុយក្រែន រហូតដល់ ៣០,០០០នាក់ លើមុខជំនាញផ្សេងៗដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ វគ្គហ្វឹកហ្វឺននៅតាមបណ្តាប្រទេសនានានៅតំបន់អឺរ៉ុប មានចាប់ពីការហ្វឹកហ្វឺនជាមូលដ្ឋាន រហូតដល់ប្រតិបត្តិការរថក្រោះប្រយុទ្ធទំនើបៗដូចជា Leopard 2 ប្រព័ន្ធការពារអាកាស គ្រាប់រ៉ុក្កែត និងមីស៊ីលពាក់លើស្មា៕