(ហ្ស៊េរុយសាឡិម)៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន នៅថ្ងៃពុធសប្ដាហ៍នេះ បានឱ្យដឹងថាទាហានអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន១១នាក់ នៅក្នុងការវាយឆ្មក់មួយក្នុងទីក្រុង ណាប្លូស (Nablus) ហើយដែលនេះគឺជាការសម្លាប់ជនជាតិប៉ាឡេស្ទីនច្រើនបំផុតមួយក្នុងតំបន់ West Bank ចាប់តាំងពីឆ្នាំ២០០៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៨០នាក់ផ្សេងទៀតក៏បានរងរបួសដោយសារគ្រាប់កាំភ្លើងរបស់ទាហានអ៉ីស្រាអែលផងដែរ នៅក្នុងប្រតិបត្តិការវាយឆ្មក់ ដែលអ៉ីស្រាអែលហៅថាជាប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម។ ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីន លោក ហូសេន អាល់ សៀស (Hussein Al Sheikh) បានថ្កោលទោស យ៉ាងខ្លាំងលើការវាយឆ្មក់របស់ទាហានអ៉ីស្រាអែល ដោយចាត់ទុកថាវាជាការសម្លាប់រង្គាល និងអំពាវនាវឱ្យអន្តរជាតិការពារអាយុជីវិតប្រជាជនប៉ាឡេស្ទីន។

គួរបញ្ជាក់ថា បើតាមខាងក្រសួងសុខាភិបាលប៉ាឡេស្ទីន ជនរងគ្រោះដែលបានស្លាប់នៅក្នុងការវាយឆ្មក់របស់ទាហានអ៉ីស្រាអែល មានអាយុចន្លោះពី១៦ឆ្នាំ ដល់៧២ឆ្នាំ។ ប្រមុខអង្គការសហប្រជាជាតិ ក្រសួងការបរទេសអាមេរិក និងសហភាពអឺរ៉ុប សុទ្ធតែបង្ហាញការព្រួយបារម្ភចំពោះភាពតានតឹងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ខណៈសម្ព័ន្ធអារ៉ាប់បានចាត់ ទុកថាការវាយឆ្មក់របស់ទាហានអ៉ីស្រាអែលគឺជាឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នង៕