(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះបានរិះគន់រុស្ស៉ីសម្រាប់ការសម្រេចចិត្តផ្អាកការចូលរួមរបស់ខ្លួន ក្នុងសន្ធិសញ្ញានុយក្លេអ៊ែរ New START ប៉ុន្តែ បាននិយាយថាមិនមានសញ្ញាណាមួយបង្ហាញថាទីក្រុងមូស្គូកំពុងពិចារណា ឬក៏អាចនឹងប្រើអាវុធនុយក្លេអ៊ែរនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការកត់សម្គាល់របស់លោក ចូ បៃដិន ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ABC News នៅក្នុងប្រទេសប៉ូឡូញ នៅមុនជំនួបជាមួយប្រមុខអង្គការ NATO និងមេដឹកនាំ នៃបណ្ដាប្រទេសអឺរ៉ុបខាងកើតក្នុងទីក្រុងវ៉ាសូវី។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការសម្រេចចិត្តបែបនេះគឺជាកំហុសមួយដ៏ធំ និងគ្មានការទទួលខុសត្រួវទាល់តែសោះ... ប៉ុន្តែ ខ្ញុំមិនជឿនោះទេថាលោក (លោក ពូទីន) កំពុងពិចារណាប្រើអាវុធនុយក្លេអ៊ែរ...»។ លោកបន្តថាលោកផ្ទាល់មានទំនុកចិត្តថាអាចនឹងរកច្រកចេញបាន តែមិនបានបញ្ជាក់អ្វីលម្អិត នោះទេ។

គួរបញ្ជាក់ថា លោក ពូទីន កាលពីថ្ងៃអង្គារកន្លងទៅ បានប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ី នៅក្នុងសន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរតែមួយគត់ ដែលនៅសេសសល់រវាងមហាអំណាចទំាង២។ សន្ធិសញ្ញានេះនឹងត្រូវអស់សុពលភាពនៅថ្ងៃកុម្ភៈ ឆ្នាំ២០២៦ ហើយបើតាមមន្ត្រីរុស្ស៉ី ការសម្រេចចិត្តយ៉ាងណា ឬក៏ថាតើរុស្ស៉ី នឹងត្រឡប់មកចូលរួមក្នុងសន្ធិសញ្ញានេះឡើងវិញឬក៏យ៉ាងណា គឺអាស្រ័យទៅលើលោក ពូទីន៕