(មូស្គូ)៖ មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថាទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នឹងមិនរងឥទ្ធិពលដោយសារតែ ប្រទេសដទៃ ឬភាគីទី៣ណាមួយនោះទេ ដោយគេដឹងថាលោកចង់សំដៅទៅលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងជំនួបជាមួយលោក ពូទីន នៅឯវិមានក្រឹមឡាំងនៅថ្ងៃពុធសប្ដាហ៍នេះ លោក វ៉ាង យី បានសង្កត់ធ្ងន់តាមរយៈអ្នកបកប្រែថាទំនាក់ទំនងរវាងចិន និងរុស្ស៉ី មិនមានទិសដៅប្រឆាំង នឹងភាគីទី៣ណាមួយឡើយ ប៉ុន្តែទំនាក់ទំនងនេះក៏នឹងមិនរងឥទ្ធិពលពីភាគីទី៣ណាមួយនោះដែរ។ លោក វ៉ាង បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសយើងទាំង២គាំទ្រដល់ប្រព័ន្ធពហុប៉ូល និងការធ្វើប្រជាធិតេយ្យូបនីយកម្ម នៅក្នុងទំនាក់ទំនងអន្តរជាតិ ហើយដែលនេះស្របទៅតាមពេលវេលា និងប្រវត្តិសាស្ត្រ ក៏ដូចជាបម្រើផលប្រយោជន៍ដល់បណ្ដាប្រទេសភាគច្រើន»។
លោក វ៉ាង យី បានបន្ថែមទៀតថាមិនថាស្ថានការណ៍សកលលោកមានការផ្លាស់ប្ដូរយ៉ាងណានោះទេ ក៏ចិននៅតែប្ដេជ្ញាចិត្តចូលរួមជាមួយរុស្ស៉ីក្នុងការថែរក្សាទិសដៅវិជ្ជមាននៅក្នុងការ អភិវឌ្ឍនៃទំនាក់ទំនងរវាងមហាអំណាចទាំង២។
គួរបញ្ជាក់ថា នៅពេលដែលលោក ពូទីន និងលោក ស៊ី ជិនពីងជួបមុខគ្នាដោយផ្ទាល់ ក្នុងទីក្រុងប៉េកាំង តែប៉ុន្មានថ្ងៃមុននឹងរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន ក្រោមស្លាក «ប្រតិបត្តិការ យោធាពិសេស» កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មេដឹកនាំទាំង២ បានប្រកាសពី «ភាពជាដៃគូគ្មានព្រំដែន» ដែលនេះបង្កឱ្យមានការព្រួយបារម្ភនៅក្នុងចំណោមបណ្ដាប្រទេស លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិកដែលតែងតែព្រមានចិនជារឿយៗកុំលូកដៃជួយរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែនឱ្យសោះ៕