(ឌូស្ហាន់បេ)៖ ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារភាគខាងកើតប្រទេសតាហ្ស៉ីគីស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការរញ្ជួយដីនេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៣៧នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅជម្រៅជាង ២០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយ ទំនងជាស្ថិតនៅក្នុងតំបន់ ហ្គូណូ-បាដាកសាន (Gorno-Badakhshan) ដែលជាតំបន់ពាក់កណ្តាលស្វយ័តភាគខាងកើត មានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសចិន ដោយមានចម្ងាយប្រហែល ៦៧គីឡូម៉ែត្រពីទីក្រុងភ្នំតូចមួយ គឺមឺកហប (Murghob)។ ទីនោះមានប្រជាជនរស់នៅតិច ត្រូវបានហ៊ុំព័ទ្ធដោយភ្នំប៉ាមៀ (Pamir) ដ៏ខ្ពស់ និងជាប្រភេទផ្ទះនៅលើបឹងសារ៉េស (Sarez)។ USGS បានប៉ាន់ប្រមាណថា អាចមានចំនួនប្រជាជនតិចតួច ឬគ្មាន ដែលត្រូវប្រឈមនឹងការបាក់ដីពីគ្រោះរញ្ជួយដីនេះ។

គួរបញ្ជាក់ថា តាហ្ស៊ីគីស្ថាន ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីកណ្តាលភាគច្រើនដែរ ដែលងាយនឹងកើតមានគ្រោះមហន្តរាយធម្មជាតិ និងមានប្រវត្តិដ៏យូរលង់នៃទឹកជំនន់ ការរញ្ជួយដី ការបាក់ដី និងព្រិលធ្លាក់ខ្លាំង។ កាលពីថ្ងៃទី១៥ ខែកុម្ភៈ មនុស្ស ៩នាក់បានស្លាប់ ដោយការបាក់ដីនៅតំបន់ Gorno-Badakhshan ខណៈដែលមនុស្សម្នាក់ទៀតបានស្លាប់ក្នុងការធ្លាក់ព្រិល លើផ្លូវហាយវេក្បែរ រដ្ឋធានីឌូស្ហាន់បេ (Dushanbe) នៅថ្ងៃដដែលនោះ៕