(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន​ នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចមកកាន់ប្រទេសរុស្ស៉ី ខណៈលោកបាន សាទរចំពោះទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ពូទីន ធ្វើឡើងនាឱកាសដែលលោកទទួលស្វាគមន៍មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី នៅឯវិមានក្រឹមឡាំង។ លោក ពូទីន ក៏បានប្រាប់ លោក វ៉ាង យីដែរថាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៉ីមានភាពល្អប្រសើរជាងការរំពឹងទុក ហើយអាចនឹងកើនឡើងដល់ ២០០ពាន់លានដុល្លារក្នុងពេលឆាប់ៗនេះ បើធៀបទៅនឹងឆ្នាំ២០២២ មាន១៨៥ពាន់លានដុល្លារ។ «យើងកំពុងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិនមកកាន់រុស្ស៉ី ហើយយើង ក៏បានឯកភាពគ្នាហើយដែរលើដំណើរទស្សនកិច្ចនេះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ពូទីន ដោយមិនបានបញ្ជាក់ពី កាលបរិច្ឆេទនោះទេ។

គួរបញ្ជាក់ថា កាសែតអាមេរិក Wall Street Journal កាលពីថ្ងៃអង្គារកន្លងទៅបានរាយការណ៍ថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងត្រៀមលក្ខណៈបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ បើតាមកាសែតអាមេរិកនេះដដែល ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីន ទៅកាន់ទីក្រុងមូស្គូ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងនៅឡើយ រីឯកាលបរិច្ឆេទ ជាក់លាក់ក៏មិនទាន់មាននោះដែរ។ ប៉ុន្តែ Wall Street Journal ដោយផ្អែកលើ ប្រភពដែលខ្លួនទទួលបាន បានបន្ថែមថាដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង អាចនឹងកើតឡើងនៅខែមេសា ឬក៏នៅដើមខែឧសភា ចំពេលដែលរុស្ស៉ីប្រារព្ធខួបជ័យជម្នះ របស់ខ្លួនលើអាល្លឺម៉ង់ នៅក្នុងសង្រ្គាមលោកលើកទី២៕