(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី បាននិយាយថាការសម្រេចចិត្តរបស់ទីក្រុងមូស្គូ ដោយផ្អាកការចូលរួមរបស់ខ្លួននៅក្នុងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក នឹងមិនបង្កើនហានិភ័យនៃសង្រ្គាមនុយក្លេអ៊ែរនោះទេ ឆ្លើយតបទៅនឹងការព្រួយបារម្ភនៅក្នុងបណ្ដាប្រទេសលោកខាងលិច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) ធ្វើការកត់សម្គាល់បែបនេះតាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax នៅថ្ងៃពុធសប្ដាហ៍នេះ និងបន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារកន្លងទៅបានប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ីនៅក្នុងសន្ធិសញ្ញា New START ដែលបង្កឱ្យមានការព្រួយបារម្ភ ខ្លាចក្រែងសង្រ្គាមនៅអ៊ុយក្រែនអាចនឹងរាលដាលក្លាយទៅជាសង្រ្គាមនុយក្លេអ៊ែរ។

ក៏ប៉ុន្តែ លោក សឺហ្គៃ រីយ៉ាបកូវ បាននិយាយបន្ធូរបន្ថយការព្រួយបារម្ភនេះជាមួយការសង្កត់ធ្ងន់ថាលោកមិនជឿឡើយថាការសម្រេចិត្តផ្អាកការចូលរួមក្នុងសន្ធិសញ្ញា New START កំពុងរុញច្រានពិភពលោកទៅកៀកមាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ។ លោកបន្ថែមទៀតថាការសម្រេចចិត្តយ៉ាងណា ឬក៏ថាតើរុស្ស៉ីត្រឡប់មកចូលរួមក្នុងសន្ធិសញ្ញានេះ វិញ ឬក៏យ៉ាងណា គឺអាស្រ័យទៅលើលោក ពូទីន ហើយទីក្រុងមូស្គូនឹងបន្តអនុវត្តតាមការរឹតត្បិតនៅក្រោមសន្ធិសញ្ញា New START លើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលអាច ដាក់ពង្រាយ និងចំនួនមីស៊ីលសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ តែទោះជាបែបនេះក្ដី ខាងសហរដ្ឋអាមេរិកបានចាត់ទុកថាការសម្រេចចិត្តរបស់លោក ពូទីន គឺជាកំហុសមួយ ដ៏ធំ។

គួរបញ្ជាក់ថា New START គឺជាសន្ធិសញ្ញានុយក្លេអ៊ែរតែមួយគត់ចុងក្រោយបំផុតរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដែលមានគោលដៅកាត់បន្ថយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៃមហាអំណាចទាំង២៕