(ប៉ារីស)៖ រដ្ឋអាជ្ញាប្រចាំតំបន់បាននិយាយថា គ្រូបង្រៀនម្នាក់នៅសាលាមួយនៅភាគនិរតីនៃប្រទេសបារាំង ត្រូវបានសិស្សចាក់ដោយកាំបិតរហូតដល់ស្លាប់ នៅពេលកំពុងបង្រៀ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកគ្រូបង្រៀនភាសាអេស្ប៉ាញអាយុ ៥២ឆ្នាំម្នាក់ កំពុងបង្រៀននៅសាលាមួយក្នុងទីក្រុងឆ្នេរសមុទ្រ Saint-Jean-de-Luz នៅពេលដែលសិស្សអាយុ ១៦ឆ្នាំបានវាយប្រហារគាត់ដោយកាំបិត។

ជនរងគ្រោះ​បាន​ទទួល​ជំនួយ​សង្គ្រោះបឋម​នៅ​កន្លែង​កើត​ហេតុ ប៉ុន្តែ​បាន​ស្លាប់​ដោយសារ​របួសធ្ងន់ធ្ងរពេក នេះ​បើ​តាម​រដ្ឋ​អាជ្ញា​ លោក Jérôme Brill បាន​ប្រាប់ទីភ្នាក់ងារ AFP។ លោក​បាន​បន្ថែម​ថា សិស្ស​ដែលជាជនបង្កហេតុត្រូវ​បាន​ចាប់​ខ្លួន។

កាសែតបារាំង Sud Ouest បាននិយាយថា ជនវាយប្រហារបានចូលទៅក្នុងថ្នាក់រៀន ហើយបានចាក់សោរទ្វា បន្ទាប់មកក៏វាយប្រហារលើគ្រូបង្រៀន ខណៈពេលដែលនាងកំពុងបង្រៀនភាសាអេស្ប៉ាញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សិស្សនេះអាចមានបញ្ហាសុខភាពផ្លូវចិត្ត។ ពួកគេបាននិយាយថា នៅក្នុងដំណាក់កាលនៃការស៊ើបអង្កេតនេះ មិនមានការចង្អុលបង្ហាញណាមួយដែលថា ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងភេរវកម្មនោះទេ។

គួរបញ្ជាក់ថា សាលានេះគឺជាសាលាឯកជនកាតូលិកមួយ ដែលមានទីតាំងនៅជិតកណ្តាលទីក្រុង Saint-Jean-de-Luz ដែលជារមណីយដ្ឋានរដូវក្តៅដ៏ល្បីល្បាញនៅក្នុងប្រទេសបារាំង៕