(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបាននិយាយនៅថ្ងៃពុធនេះថា អ៊ុយក្រែននឹងស្នើឱ្យតួកគី និងអង្គការសហប្រជាជាតិ ចាប់ផ្តើមការចរចានៅសប្តាហ៍នេះ ស្តីពីការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ដោយស្វែងរកការពង្រីកវាយ៉ាងហោចណាស់១ឆ្នាំទៀត ដែលរួមបញ្ចូលទាំងកំពង់ផែ Mykolaev ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីខែកក្កដាឆ្នាំមុន គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគីបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែនចំនួនបី។ កិច្ចព្រមព្រៀងនេះត្រូវបានបន្តឡើងវិញកាលពីខែវិច្ឆិកា ហើយនឹងផុតកំណត់នៅថ្ងៃទី១៨ ខែមីនា ប្រសិនបើមិនមានការពង្រីកបន្ថែម។

លោក Yury Vaskov អនុរដ្ឋមន្ត្រីអ៊ុយក្រែនទទួលបន្ទុកការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចបានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយថា «យើងនឹងបង្ហាញសំណើផ្លូវការមួយនៅសប្តាហ៍នេះ ស្តីពីតម្រូវការសម្រាប់ការបន្ត (កិច្ចព្រមព្រៀង)»

លោកបានបន្តថា «យើងនឹងស្នើសុំ ... សម្រាប់ការពន្យាពេលមិនមែន ១២០ថ្ងៃទេ ប៉ុន្តែយ៉ាងហោចណាស់១ឆ្នាំ ពីព្រោះប្រទេសអ៊ុយក្រែន និងទីផ្សារកសិកម្មពិភពលោក ចាំបាច់ត្រូវមានលទ្ធភាពរៀបចំផែនការបរិមាណ (នាំចេញ) ទាំងនេះក្នុងរយៈពេលវែង»

គួរបញ្ជាក់ថា អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីម្តងហើយម្តងទៀតថា បានពន្យារពេលការត្រួតពិនិត្យកប៉ាល់ដែលផ្ទុកផលិតផលកសិកម្មរបស់អ៊ុយក្រែន ដែលបណ្តាលឱ្យការដឹកជញ្ជូនធ្លាក់ចុះ និងខាតបង់សម្រាប់ពាណិជ្ជករ។ ប៉ុន្តែរុស្ស៊ី​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះដោយ​និយាយ​ថា​ ខ្លួន​បានបំពេញ​កាតព្វកិច្ច​ទាំង​អស់​ក្រោម​កិច្ច​ព្រម​ព្រៀង​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ៕