(ព្យុងយ៉ាង)៖ នៅថ្ងៃពុធនេះ កូរ៉េខាងជើងបានចេញមុខច្រានចោល សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) ចំពោះការបាញ់សាកល្បងមីស៉ីលបាលិស្ទីគរបស់ខ្លួន នាពេលថ្មីៗនេះ ដោយចោទថា វាគឺជារឿងអយុត្តិធម៌និងពុំមានតុល្យភាព ហើយមិនអើពើចំពោះ​សិទ្ធិការពារខ្លួនរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលបាលិស្ទីគចំនួន៣គ្រាប់ ក្នុងនោះរួមមានទាំងមីស៉ីលប្រភេទអន្តរទ្វីប ICBM ផងដែរ ដែលទីក្រុងព្យុងយ៉ាងនិយាយថា បានបង្ហាញឱ្យឃើញពីសមត្ថភាពរបស់ខ្លួន ក្នុងការវាយបកតបតដោយអាវុធនុយក្លេអ៊ែរ ទៅលើកងកម្លាំងសត្រូវ។ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូតឺរេស បានឆ្លើយតបចំពោះការបាញ់សាកល្បងមីស៉ីល ICBM ដែលកើតឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះ ជាមួយ​សេចក្តីថ្លែងការណ៍មួយ ដែលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ជាបន្ទាន់ នូវការប្រព្រឹត្តសកម្មបង្កហេតុដទៃទៀត។

ឆ្លើយតបការថ្កោលទោសខាងលើ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក គីម សុនក្យុង (Kim Son Gyong) បានសម្តែងការមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់ខាតប្រឆាំងចំពោះ ឥរិយាបថអយុត្តិធម៌និងគ្មានតុល្យភាពរបស់ លោក ហ្គូតឺរេស។

លោក គីម បាននិយាយថា ការវាយតម្លៃរបស់លោក ហ្គូតឺរេស មើលរំលងការធ្វើសមយុទ្ធយោធាដ៏គួរគ្រោះថ្នាក់ របស់ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងសេអ៊ូល ហើយលោកគួរតែប្រកាន់នូវឥរិយាបថមួយ ដែលមានភាពយុត្តិធម៌និងមានតុល្យភាព។ បើតាមលោក គិម ការបាញ់តេស្តមីស៉ីលបាលិស្ទីគរបស់កូរ៉េខាងជើង គឺជាចំណាត់ការឆ្លើយតបសមហេតុផល ចំពោះការដាក់ពង្រាយអាវុធយុទ្ធសាស្រ្តរបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែកជាដើម មកកាន់ឧបទ្វីបកូរ៉េ នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា ក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលចេញផ្សាយដោយ KCNA កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់ប្រមុខដឹកនាំ​កូរ៉េខាងជើង គឺអ្នកនាង គីម យ៉ូចុង (Kim Yo Jong) ក៏បានព្រមានយ៉ាងដូច្នេះដែរថា «ភាពញឹកញាប់នៃការប្រើប្រាស់មហាសមុទ្រប៉ាស៉ីហ្វិក ជាទីលាន​ធ្វើតេស្តសព្វាវុធរបស់យើង គឺអាស្រ័យទៅលើ ចរិតលក្ខណៈនៃសកម្មភាពរបស់សហរដ្ឋអាមេរិក»