(ប៉េកាំង)៖ ថ្ងៃទី២១ ខែកុម្ភៈ ប្រទេសចិនបានចេញផ្សាយជាផ្លូវការនូវ «ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល»។ នេះគឺជាឯកសារមួយច្បាប់ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីពិភពលោក ព្រោះថាវាបានបកស្រាយពីទស្សនៈស្នូល នៃគំនិតផ្តួចផ្តើមសន្តិសុខសកល ព្រមទាំងបានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ចំនួន២០ដែលបានគ្រោង "ផែនទីបង្ហាញផ្លូវ"កាន់តែលម្អិតសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហគមន៍អន្តរជាតិចាប់អារម្មណ៍ជាទូទៅថា ពិភពលោកកាន់តែមានភាពច្របូកច្របល់និងគ្មានសន្តិសុខ។ ជាពិសេស វិបត្តិអ៊ុយក្រែនដែលបានផ្ទុះឡើងនៅដើមឆ្នាំ២០២២ បានបណ្តាលឱ្យមានជនភៀសខ្លួនរាប់លាននាក់ត្រូវនិរាសព្រាត់ប្រាស់គ្មានទីជម្រក ហើយបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្គត់ផ្គង់ស្បៀងអាហារ និងថាមពលពិភពលោកផងដែរ។

ឆ្លងតាមរយៈការប៉ះទង្គិចនិងវិបត្តិជាច្រើនលើក មនុស្សទាំងឡាយបានរកឃើញថា ក្បួនច្បាប់ដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅ ដូចជាកម្មវត្ថុគោលបំណងនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ មិនទទួលបាននូវការគាំពារនិងគោរពតាមប្រកបដោយ ប្រសិទ្ធិភាពនោះឡើយ។ ប្រទេសលោកខាងលិចមួយចំនួន ដោះស្រាយបញ្ហាសន្តិសុខដោយស្តង់ដារពីរ ហើយមើលរំលងក្នុងរយៈពេលយូរ និងរំលោភបំពានជាប្រព័ន្ធនូវសន្តិសុខប្រទេសដទៃ។ ប្រទេសខ្លះ ឃោសនាបំប៉ោងលើការធ្វើបដិបក្ខគ្នាជាក្រុម ហើយប្រើប្រាស់កម្លាំងអាវុធខុសទំនង ឫគំរាមកំហែងដោយកម្លាំងអាវុធតាមតែទំនើងចិត្ត។

ទាក់ទិននឹងរោគសញ្ញាទាំងនេះ គំនិតផ្តួចផ្តើមសន្តិសុខសកលបានគូសបញ្ជាក់ថា "ប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខប្រកបដោយការរួមគ្នា ភាពចំរុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព" "ប្រកាន់ខ្ជាប់នូវការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា" "ប្រកាន់ខ្ជាប់នូវការគោរព កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ" "ប្រកាន់ខ្ជាប់នូវការយកចិត្តទុកដាក់ ចំពោះកង្វល់ផ្នែកសន្តិសុខដ៏សមហេតុផល របស់ប្រទេសនានា" "ប្រកាន់ខ្ជាប់នូវការដោះស្រាយការវិវាទ និងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយ សន្តិវិធីតាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា" "ប្រកាន់ខ្ជាប់នូវការសម្របសម្រួលការគាំពារសន្តិសុខក្នុងវិស័យប្រពៃណីនិងវិស័យមិនប្រពៃណី" ។ "ការប្រកាន់ខ្ជាប់" ទាំង៦នេះ ផ្តោតសំខាន់ទៅលើផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ដែលបានក្លាយទៅជាខ្លឹមសារស្នូលនៃគំនិតផ្តួចផ្តើមនេះ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ជានិច្ចកាលប្រទេសចិនតែងតែថែរក្សាសន្តិសុខពិភពលោកយ៉ាងសកម្ម។ ឧទាហរណ៍ ភាគីចិនបានគូសបញ្ជាក់ក្នុង «ឯកសារស្តីពីគំនិតផ្តួចផ្តើមសន្តិសុខសកល» ថា នឹងគាំទ្រអង្គការសហប្រជាជាតិក្នុងការបង្កើន កិច្ចខិតខំប្រឹងប្រែងដើម្បីបង្ការការប៉ះទង្គិច ជំរុញប្រទេសមហាអំណាចឱ្យទទួលខុសត្រូវសំខាន់ពិសេស ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជាប្រកាន់ខ្ជាប់នូវការថែរក្សា គំនិតឯកភាពរួមស្តីពី"សង្គ្រាមនុយគ្លេអ៊ែរមិនអាចឈ្នះ និងមិនអាចធ្វើទៅរួច"។

សូមយកការឆ្លើយតបនឹងវិបត្តិអ៊ុយក្រែនជាឧទាហរណ៍ ក្នុង១ឆ្នាំកន្លងមកនេះ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ជាប់រហូត ហើយជំរុញយ៉ាងសកម្មឱ្យបញ្ហានេះត្រូវបានដោះស្រាយតាមរយៈការចរចាសន្តិភាព។ ប៉ុន្តែផ្ទុយទៅវិញ ពេលថ្មីៗនេះ មេដឹកនាំអាមេរិកស្រាប់តែធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានប្រកាសថា ពួកគេនឹងផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៥រយលានដុល្លារអាមេរិកបន្ថែមទៀតដល់អ៊ុយក្រែន។ ភាគីអាមេរិកធ្វើបែបនេះ គឺដាក់ដូចជាបន្តយកសាំងមកចាក់លើភ្លើង និងធ្វើឱ្យឱនភាពសន្តិសុខពិភពលោកកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់។

សន្តិសុខគឺជាសិទ្ធិរបស់បណ្តាប្រទេសនានាលើពិភពលោក តែមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់ប្រទេសមួយចំនួនទេ។ ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិសុខ ប្រទេសនានាសុទ្ធតែត្រូវទទួលខុសត្រូវ។ ភាគីចិនរំពឹងថាភាគីនានានឹងរួមគ្នាចូលរួមក្នុងគំនិតផ្តួចផ្តើម សន្តិសុខសកលដើម្បីនាំមកនូវសន្តិភាពនិងភាពសុខសាន្តត្រានកាន់តែច្រើនដល់ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន