(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ខ្សែទូរស័ព្ទបន្ទាន់របស់វិមានក្រឹមឡាំងជាមួយសេតវិមាន ដែលត្រូវបានបង្កើតឡើងក្រោយវិបត្តិតំបន់ការីបង់ នៅតែបន្តដំណើរការ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មិនទាន់បានប្រើវានៅឡើយទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ខ្សែទូរស័ព្ទបន្ទាន់ វ៉ាស៉ីនតោន-មូស្គូ ត្រូវបានបង្កើតឡើងបន្ទាប់ពីវិបត្តិមីស៊ីលគុយបា សម្រាប់កិច្ចពិភាក្សាបន្ទាន់រវាងមេដឹកនាំនៃអតីតសហភាពសូវៀត និងសហរដ្ឋអាមេរិក។ វាដំណើរការចាប់តាំងពីថ្ងៃទី៣០ ខែសីហាឆ្នាំ១៩៦៣មក។ លោក ប៉េសកូវ បានផ្តល់ចម្លើយវិជ្ជមានចំពោះសំណួរថា តើបណ្តាញទំនាក់ទំនងនេះបន្តដំណើរការដែរឬទេ? ដោយគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ មេដឹកនាំទាំងពីរ អាចប្រើខ្សែបណ្តាញទំនាក់ទំនងនេះ ប្រសិនបើពួកគេចង់»

គួរបញ្ជាក់ថា កំឡុងពេលនៃសង្គ្រាមត្រជាក់ ខ្សែបណ្តាញនេះត្រូវបានគេប្រើប្រាស់សម្រាប់ករណីបន្ទាន់ៗ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានទំនាក់ទំនងដោយផ្ទាល់ តាមរយៈទូរស័ព្ទធម្មតាក្នុងករណីចាំបាច់។ ប៉ុន្តែកាលពីឆ្នាំ២០១៦ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រើប្រាស់ «ទូរស័ព្ទក្រហម» ដើម្បីពិភាក្សាអំពីផែនការជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកតាមអ៊ីនធឺណិត ជាមួយរុស្ស៉ី។ យ៉ាងនេះក្តី វិមានក្រឹមឡាំង បានបដិសេធរឿងដោយពន្យល់ថា ការសន្ទនាត្រូវបានធ្វើឡើងតាមរយៈខ្សែបណ្តាញធម្មតាប៉ុណ្ណោះ៕