(ញូដេលី)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ំា ចៃសាន់កា (Subrahmanyam Jaishankar) បាននិយាយថា ទីក្រុងញូវដែលីមានទំនាក់ទំនងល្អជាមួយមហាអំណាចពិភពលោក លើកលែងតែប្រទេសចិន ដែលបានរំលោភលើកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះ លោក ចៃសាន់កា បាននិយាយថា ទំនាក់ទំនងរបស់ឥណ្ឌាជាមួយរុស្ស៉ីមានស្ថិរភាពជាពិសេស បើទោះជាមានភាពចលាចលក្នុងនយោបាយពិភពលោក ជុំវិញសង្រ្គាមអ៊ុយក្រែនក៏ដោយ។ ភាពតានតឹងជាមួយចិនដែលជាប្រទេសជិតខាង បានបង្កឲ្យឥណ្ឌាមានលក្ខណៈងាយស្រួលក្នុងការដាក់ពង្រាយកងទ័ព ដើម្បីរក្សាសន្តិភាពនៅឯតំបន់ព្រំដែនជម្លោះ។

ដោយសំដៅទៅលើការចល័តយោធា និងការវិនិយោគរបស់ឥណ្ឌាលើហេដ្ឋារចនាសម្ព័ន្ធព្រំដែន លោក ចៃសាន់កា បានគូសបញ្ជាក់ថា «ទំនាក់ទំនងរបស់ឥណ្ឌាជាមួយបណ្តាប្រទេសមហាអំណាច គឺល្អ។ ចំណែកប្រទេសចិនគឺជាករណីលើកលែងមួយ ព្រោះតែការរំលោភលើកិច្ចព្រមព្រៀង ឥរិយាបទនៅព្រំដែន ដែលនាំឲ្យយើងមានជំហរប្រឆាំង»។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់ប្រមុខការទូតឥណ្ឌានាពេលនេះ ធ្វើឡើងនៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G20 ដែលនឹងរៀបចំឡើងនៅថ្ងៃទី១ដល់ថ្ងៃទី២ ខែមីនា ក្នុងទីក្រុងញូដេលី ជាពេលដែលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិន គ្រោងនឹងចូលរួម៕