(កង់បេរ៉ា)​៖ ប្រមុខបណ្តាញស៉ើបការណ៍សម្ងាត់នៃប្រទេសអូស្រ្តាលី កាលពីថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក កំពុងតែមើលឃើញការប្រកួតប្រជែងឥទ្ធិពលគ្នាខ្លាំង រវាងសហរដ្ឋអាមេរិកនិងចិន ហើយទន្ទឹមគ្នានេះអូស្រ្តាលីក៏កំពុងក្លាយជាគោលដៅ នៃប្រតិបត្តិការធ្វើចារកម្មនិងជ្រៀតជ្រែកពីបរទេស ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ម៉ៃ បឺហ្គីស (Mike Burgess) អគ្គនាយកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អូស្រ្តាលី ASIO បានលើកឡើងថា សព្វថ្ងៃនេះប្រទេសអូស្រ្តាលីកំពុងប្រឈម ការគំរាមកំហែងខ្លាំងមិនធ្លាប់មាន ដោយជនជាតិអូស្រ្តាលីកាន់តែច្រើនឡើង កំពុងតែក្លាយជាគោលដៅសម្រាប់បណ្តាញចារកម្មបរទេស។ លោក បឺហ្គីស បានបន្តដូច្នេះថា «ស្របពេលដែលអំណាចរបស់សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តចម្បងរបស់យើង ប្រឈមនឹងការប្រកួតប្រជែងជាមួយការកើនឡើង​ឥទ្ធិពលរបស់ចិន បូករួមជាមួយបញ្ហាសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េទៀតនោះ អូស្រ្តាលីកំពុងក្លាយជាកន្លែងផ្តោតសំខា ន់សម្រាប់ភ្នាក់ងារ​​ចារកម្មទាំងនៅក្នុងនិងក្រៅតំបន់ ដែលមានគោលដៅបម្រើដល់ប្រយោជន៍របស់ប្រទេសពួកគេ ហើយបំផ្លាញផលប្រយោជន៍របស់អូស្រ្តាលី»

គួរបញ្ជាក់ថា បើតាមលោកប្រមុខទីភ្នាក់ងារ ASIO បណ្តាញចារកម្មបរទេសប្រើប្រាស់ប្រតិបត្តិការរបស់ខ្លួន ដើម្បីស្វែងយល់ជាសម្ងាត់អំពីនយោបាយ និងការបង្កើតការសម្រេចចិត្តរបស់អូស្រ្តាលី ព្រមទាំងអំពីសម្ព័ន្ធភាព ភាពជាដៃគូ សេដ្ឋកិច្ច ក៏ដូចជាអាទិភាពគោលនយោបាយរបស់អូស្រ្តាលី។ លោក បឺហ្គីស បានអះអាងថា ជនជាតិអូស្រ្តាលីដែលជាគោលដៅផ្តោតសំខាន់ សម្រាប់ប្រតិបត្តិការចារកម្មបរទេស រួមដូចជាចៅក្រម អ្នកធ្វើអត្ថាធិប្បាយព័ត៌មាន និង​អ្នកកាសែតជាដើម៕