(ម៉ានីល)៖ ប្រទេសអូស្ត្រាលី និងហ្វីលីពីនកំពុងស្វែងរកលទ្ធភាពនៃការល្បាតរួមគ្នា នៅឯតំបន់មានជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលមានការប្រឈមមុខគ្នា រវាងឆ្មាំសមុទ្រចិនជាមួយនាវាហ្វីលីពីន ក្រោយមកបេសកជនរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងម៉ានីល ត្រូវបានកោះហៅដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយនៅថ្ងៃពុធនេះថា លោកបានពិភាក្សាអំពីផែនការបង្កើត ការល្បាតរួមគ្នាជាមួយរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក កាលីតូ ហ្កាល់វ៉េស ជេអរ (Carlito Galvez Jr)។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅនាយកដ្ឋានការពារជាតិហ្វីលីពីន នៅទីក្រុងគូសុន (Quezon) លោក ម៉ាល បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលប្តេជ្ញាចិត្តចំពោះសណ្តាប់ធ្នាប់ ដែលផ្អែកលើច្បាប់សកល វាជារឿងធម្មតាដែលយើងគួរតែគិតអំពីកិច្ចសហប្រតិបត្តិការបែបនេះ។ នៅថ្ងៃនេះ យើងបាននិយាយអំពីលទ្ធភាព នៃការល្បាតរួមគ្នា ហើយយើងនឹងបន្តការងារនោះ ដោយសង្ឃឹមថានឹងមានផ្លែផ្កាក្នុងពេលឆាប់ៗ»។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ទីក្រុងម៉ានីលបានចោទប្រកាន់ឆ្មាំសមុទ្ររបស់ប្រទេសចិន ថាបានប្រើភ្លើងឡាស៊ែរបស់យោធាបាញ់ចំ កប៉ាល់ឆ្មាំឆ្នេរសមុទ្រមួយរបស់ខ្លួន ដែលកំពុងគាំទ្របេសកកម្មផ្គត់ផ្គង់កងទ័ពឡើងវិញនៅលើកូនកោះមួយ នៃសមុទ្រចិនខាងត្បូង។ លទ្ធភាពរបស់ហ្វីលីពីន និងអូស្ត្រាលី ក្នុងការល្បាតរួមគ្នានៅឯសមុទ្រចិនខាងត្បូង កើតចេញពីការពិភាក្សាស្រដៀងគ្នារវាងទីក្រុងម៉ានីល និងវ៉ាស៊ីនតោន ហើយចំពេលដែលប្រទេសចិនបង្កើនសកម្មភាព នៅតំបន់ក្នុងមានជម្លោះ៕