(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) នៅថ្ងៃពុធនេះ បាននិយាយថា ប្រទេសរបស់លោកស្រីវាយតម្លៃខ្ពស់ ចំពោះការគាំទ្ររបស់ប្រទេសចិន សម្រាប់ចំណុចឯកច្ឆន្ទទាំង៥របស់អាស៊ាន ដែលមានគោលដៅនាំមកនូវការបញ្ចប់អំពើហិង្សា និងស្តារឡើងវិញនូវសន្តិភាព ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នស្ថិតក្រោមរបបដឹកនាំយោធា ចាប់តាំងតែពីឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីប្រមុខការទូតឥណ្ឌូណេស៉ី បានលើកឡើងដូចខាងលើ ក្រោយកិច្ចជួបពិភាក្សានៅរដ្ឋធានីហ្សាការតា ជាមួយសមភាគីចិន លោក ឈិន កាង (Qin Gang)។ លោកស្រី រេតណូ បាននិយាយដូច្នេះថា «ឥណ្ឌូណេស៉ីផ្តល់ការវាយតម្លៃខ្ពស់ សម្រាប់ការគាំទ្ររបស់ចិន ចំពោះផែនការសន្តិភាព៥ចំណុច ដែលជាគោលការណ៍ចម្បង ដើម្បីឱ្យជួយអាស៊ានររំដោះមីយ៉ាន់ម៉ា ឱ្យងើបចេញពីវិបត្តិនយោបាយរបស់ខ្លួន»។ មីយ៉ាន់ម៉ាបានជាប់គាំងក្នុងការកើនមានអំពើហិង្សា ព្រមទាំងបញ្ហាអស្ថិរភាពនយោបាយ ក៏ដូចជាសេដ្ឋកិច្ច ចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១មក។

គួរបញ្ជាក់ថា អាស៊ានដែលមានឥណ្ឌូណេស៉ី ជាប្រធានប្តូរវេនប្រចាំឆ្នាំ២០២៣នេះ គឺកំពុងតែឃ្នើសចិត្តកាន់តែខ្លាំងឡើង ដោយសារការមិនចូលរួមសហការរបស់​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងការអនុវត្តផែនការសន្តិភាពរបស់ខ្លួន ដែលសម្រេចបានកាលពីខែមេសា ឆ្នាំ២០២១។ លោកស្រី រេតណូ ក៏បានបន្ថែមផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ឥណ្ឌូណេស៉ីនឹងព្យាយាមធ្វើប្រាស្រ័យទាក់ទងជាមួយ ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ក្រោមគោលដៅមួយ នោះគឺបើកចំហនូវលទ្ធភាព នៃការបង្កើតកិច្ចសន្ទនាជាតិមួយ ដែលមានលក្ខណៈបរិយាបន្ន៕