(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី RIA បានរាយការណ៍នៅថ្ងៃពុធនេះថា នាវាចម្បាំងដែលមានបំពាក់មីស៉ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី គឺបានទៅដល់​កំពង់ផែ រីឆាដ បេ (Richards Bay) នៃប្រទេសអាហ្រ្វិកខាងត្បូងហើយ ដើម្បីត្រៀមធ្វើសមយុទ្ធយោធា ដែលមានការចូលរួមពីចិនផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន RIA ដែលផ្អែកទៅលើសេចក្តីថ្លែងការណ៍ របស់ទីបញ្ជាការជើងទឹករុស្ស៉ីប្រចាំភូមិភាគខាងជើង បានឱ្យដឹងថា ជាផ្នែកនៃការបំបេញបេសកកម្មរយៈចម្ងាយឆ្ងាយ នាវាចម្បាំង អេមើរ៉ាល់ ហ្គ័រស្កូវ (Admiral Gorshkov) បានធ្វើដំណើរទៅដល់កំពង់ផែទីក្រុងរីឆាដ បេ ហើយ។ នាវាចម្បាំង ហ្គ័រស្កូវ ដែលត្រូវបានបញ្ជូនចេញពីប្រទេសរុស្ស៉ី កាលពីថ្ងៃទី៤ ខែមករា គឺប្រដាប់ដោយមីស៉ីលឈ្មោះ ហ្សៀរខន (Zircon) ដែលអាចហោះបានចម្ងាយ ៩០០គីឡូម៉ែត្រ ហើយធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងលើសពី៥ដង ជាហេតុនាំឱ្យវាពិបាកក្នុងការបាញ់ស្កាត់។

គួរបញ្ជាក់ថា សមយុទ្ធយោធាជើងទឹករួមគ្នារវាងអាហ្រ្វិកខាងត្បូង រុស្ស៉ី ចិន នឹងត្រូវប្រារព្ធឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ហើយនាវាចម្បាំង ហ្គ័រស្កូវ ក៏ត្រូវគេរំពឹងថា នឹងធ្វើតេស្តបាញ់មីស៉ីលល្បឿនលឿនជាងសំឡេងរបស់ខ្លួនថែមទៀតផង។ ពេលវេលាចាប់ផ្តើមនៃសមយុទ្ធនេះ គឺជួនគ្នាជាមួយថ្ងៃគម្រប់ខួបចំនួន១ឆ្នាំគត់តែម្តង នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉ូឡូឌីមៀ ពូទីន ទើបតែបានប្រកាសផ្អាកកិច្ចព្រមព្រៀងចុងក្រោយគេបង្អស់ ស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក៕