(កៀវ)៖ ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងកៀវ នាយករដ្ឋមន្ត្រី លោកស្រី ជកយ៉ា ម៉េឡូនី (Giorgia Meloni) កាលពីថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា ប្រទេសអ៉ីតាលី នឹងបន្តគាំទ្រអ៊ុយក្រែនក្នុងការទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី ប៉ុន្តែមិនមានគម្រោងផ្តល់យន្តហោះចម្បាំងនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

មេដឹកនាំអ៉ីតាលី ដែលកំពុងបំពេញទស្សនកិច្ចជាលើកដំបូងនៅអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២ ជាអ្នកគាំទ្រដ៏រឹងមាំរបស់ទីក្រុងកៀវ ប៉ុន្តែអ្នកផ្សេងទៀតនៅក្នុងក្រុមចម្រុះស្តាំនិយមរបស់លោកស្រី មានជំហរស្រពិចស្រពិលលើបញ្ហានេះ។ តាមការស្ទង់មតិមួយបានបង្ហាញថា ជនជាតិអ៊ីតាលីភាគច្រើនប្រឆាំងការបញ្ជូនអាវុធទៅអ៊ុយក្រែន ហើយចង់សម្រេចបានសន្តិភាពតាមរយៈការធ្វើសម្បទានទៅឲ្យរុស្ស៊ី ជាជម្រើសមួយដែលលោកស្រី ម៉េឡូនី បានបដិសេធយ៉ាងម៉ឺងម៉ាត់។

យ៉ាងនេះក្តី ជាការឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែត La Repubblica ពីទីក្រុងរ៉ូម ថាអ៉ីតាលីអាចនឹងផ្គត់ផ្គង់យន្តហោះទម្លាក់គ្រាប់បែក AMX ចំនួន៥គ្រឿង សម្រាប់អ៊ុយក្រែន ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន លោកស្រី ម៉េឡូនី បានគូសបញ្ជាក់ថា «នៅពេលនេះផែនការផ្គត់ផ្គង់យន្តហោះចម្បាំង មិនមាននៅលើតុពិភាក្សានោះទេ»។ លោកស្រី ម៉េឡូនី បានបន្ថែមថា «អ៉ីតាលីនឹងបន្តផ្តល់ការគាំទ្ររបស់ខ្លួន ដោយផ្អែកលើហេតុផលថា ការបរាជ័យរបស់អ៊ុយក្រែន អាចត្រួសត្រាយផ្លូវសម្រាប់ការឈ្លានពានដែលអាចកើតមាន លើប្រទេសអឺរ៉ុបផ្សេងទៀត»។

គួរបញ្ជាក់ថា លោកស្រី ម៉េឡូនី បានទៅដល់ទីក្រុងកៀវ តាមរយៈរថភ្លើងពីប្រទេសប៉ូឡូញ ហើយបានទៅទស្សនាទីក្រុងប៊ូឆា (Bucha) និងទីក្រុងអៀពីន (Irpin) ដែលរងការវាយប្រហាដោយសង្រ្គាមនៅជាយរដ្ឋធានីកៀវ មុនពេលជួបលោក ហ្សេលេនស្គី៕