(ព្រុចសែល)៖ ក្រុមមន្រ្តីទូតសហភាពអឺរ៉ុបបាននិយាយថា សហភាពអឺរ៉ុប (EU) ខិតកាន់តែជិតដល់ការដាក់ចេញនូវកញ្ចប់ទណ្ឌកម្មទី១០ ប្រឆាំងនឹងរុស្ស៊ីសម្រាប់ការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ហើយសង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយនៅថ្ងៃពុធនេះ ប្រសិនបើពួកគេអាចយកឈ្នះលើភាពខ្វែងគំនិតគ្នាលើការហាមឃាត់ការនាំចូលកៅស៊ូ និងពេជ្រ របស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

កញ្ចប់ទណ្ឌកម្មដែលមានតម្លៃ ១១ពាន់លានអឺរ៉ូ ឬស្មើនឹង ១១.៧០ពាន់លានដុល្លារ ក៏ទំនងជារួមបញ្ចូលជាលើកដំបូងផងដែរ លើការហាមឃាត់លើការនាំចេញទាំងអស់ទៅកាន់អង្គភាពអ៉ីរ៉ង់ចំនួន៧ ដែលគេជឿថាកំពុងផលិតរបស់ប្រើប្រាស់ឲ្យរុស្ស៊ីយកទៅធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ក្នុងចំណោមសមាជិកនៃប្លុកនេះ ក៏កំពុងស្វែងរកការកំណត់គោលដៅលើបុគ្គលរុស្ស៊ី ដែលខ្លួននិយាយថាមានជាប់ពាក់ព័ន្ធនឹងការនិរទេស ដោយខុសច្បាប់លើកុមារអ៊ុយក្រែនប្រហែល ៦,០០០នាក់។ សហភាពអឺរ៉ុបចង់ឲ្យកញ្ចប់ទណ្ឌកម្មថ្មីនេះ រួមបញ្ចូលទាំងអ្នកដែលត្រូវបានចោទប្រកាន់ពីបទនិរទេសកុមារ សម្រាប់ខួប១ឆ្នាំនៃការឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) រុស្ស៊ីកំពុងផ្តល់លិខិតឆ្លងដែនរុស្ស៊ីដល់កុមារអ៊ុយក្រែន និងយកពួកគេទៅចិញ្ចឹម។ របាយការណ៍ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងខែកុម្ភៈនេះ ក៏បានរាយការណ៍ផងដែរថា រុស្ស៊ីកំពុងឃុំឃាំងកុមារអ៊ុយក្រែនយ៉ាងតិច ៦,០០០នាក់នៅក្នុងទីតាំងនានានៃតំបន់គ្រីមៀ ខណៈស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីនតោនថា រុស្ស៊ីទទួលយកកុមារដែលត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីអ៊ុយក្រែន។

ប៉ុន្តែក្រសួងការបរទេសរុស្ស៉ី បានចោទប្រកាន់ស្ថាប័នអន្តរជាតិមួយនេះថានៅស្ងៀម នៅពេលដែលក្មេងៗបានស្លាប់ដោយសារតែបាញ់ផ្លោងរបស់អ៊ុយក្រែននៅតំបន់ដុនបាស់ បន្ទាប់ពីក្រុមបំបែកខ្លួនគាំទ្រដោយទីក្រុងមូស្គូ ប្រកាសឯករាជ្យនៅឆ្នាំ២០១៤៕