(ព្យុងយ៉ាង)៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង នៅថ្ងៃពុធនេះបានសរសេរថា ការពឹងផ្អែកលើជំនួយខាងក្រៅដើម្បីទប់ទល់នឹងការខ្វះខាតស្បៀងអាហារ គឺស្មើនឹងការទទួលយក «ស្ករគ្រាប់មាន ជាតិពុល» ដោយជំរុញឲ្យមានការពឹងផ្អែកលើខ្លួនឯងខាងផ្នែកសេដ្ឋកិច្ច បើទោះបីជាមានការលំបាកកាន់តែខ្លាំងឡើង ចំពោះមុខទណ្ឌកម្មអន្តរជាតិ និងបិទខ្ទប់ដើម្បីទប់ស្កាត់កូវីដ១៩ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

កូរ៉េខាងជើង កំពុងប្រឈមមុននឹងការខ្វះខាតស្បៀងអាហារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីទើបនឹងបានធូរស្រាលពីទឹកជំនន់ ព្យុះទីហ្វុង ការដាក់ទណ្ឌកម្មអន្តរជាតិដែលមាន គោលបំណងទប់ស្កាត់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ក៏ដូចជាការកាត់បន្ថយយ៉ាងខ្លាំងនៃពាណិជ្ជកម្មជាមួយប្រទេសចិន ដោយសារតែការបិទព្រំដែន និងការបិទខ្ទប់ដើម្បី ទប់ស្កាត់កូវីដ១៩។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមសង្គ្រោះលោកខាងលិចភាគច្រើន បានចាកចេញពីប្រទេសកូរ៉េខាងជើង ចាប់តាំងពីពេលនោះមក ដោយនៅសល់តែចិនប៉ុណ្ណោះ ដែលជាប្រភពជំនួយស្បៀងអាហារ។

នៅក្នុងរបាយការណ៍មួយរបស់កាសែត Rodong Sinmun របស់គណបក្សកាន់អំណាចកូរ៉េខាងជើង បានព្រមានប្រឆាំងនឹងការទទួលបានជំនួយសេដ្ឋកិច្ចពីប្រភពដែលខ្លួនហៅថាជា «ពួកចក្រពត្តិនិយម» ដែលប្រើជំនួយជា «អន្ទាក់ និងបង្ក្រាប» មកលើប្រទេសដែលជាអ្នកទទួល ហើយជ្រៀតជ្រែកក្នុងនយោបាយផ្ទៃក្នុងរបស់ពួកគេ។ សេចក្តីរាយការណ៍នោះបានគូសបញ្ជាក់ថា «វាជាកំហុសក្នុងការព្យាយាមជំរុញសេដ្ឋកិច្ចដោយការទទួលយក និងទទួលទានស្ករគ្រាប់មានជាតិពុលនេះ»

គួរបញ្ជាក់ថា អត្ថបទរបស់កាសែតនេះបានចេញផ្សាយ ចំពេលដែលទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះនៅថ្ងៃពុធនេះថា អ្នកទោសប្រហែល ៧០០នាក់ នៅក្នុងពន្ធនាគារនៃតំបន់ជនបទចំនួន៣ រួមទាំងនៅកណ្តាលទីក្រុងកាអ៉ីឆុន (Kaechon) របស់ប្រទេសកូរ៉េខាងជើង បានស្លាប់ដោយសារគ្រោះទុរ្ភិក្ស និងជំងឺក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ៕