(មូស្គូ)៖​ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី បានប្រាប់មន្ត្រីការទូតកំពូលចិន លោក វ៉ាង យី ថាទីក្រុងប៉េកាំងគឺជាអាទិភាពកំពូលសម្រាប់គោលនយោបាយការបរទេសរុស្ស៉ី ហើយថាប្រទេស ទាំង២ ត្រូវតែរួមដៃគ្នាប្រឆាំងជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA Novosti បានឱ្យដឹងទៀតថានៅក្នុងជំនួបនៅឯទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ ទី២១ ខែកុម្ភៈ លោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ដែលជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ្ធម្នាក់របស់លោក ពូទីន ក៏បានប្រាប់លោក វ៉ាង យី ផងដែរថាទីក្រុងមូស្គូ គាំទ្រគោលជំហររបស់ចិនលើសំណុំរឿងតៃវ៉ាន់ ហុងកុង និងតំបន់ស៊ីនជាំង។ លោក ផាទ្រូសេវ បានគូសបញ្ជាក់ បន្ថែមដូច្នេះថា «នៅក្នុងបរិបទនៃការធ្វើយុទ្ធនាការរបស់លោកខាងលិច ដែលចង់គ្រប់គ្រងរុស្ស៉ី និងចិន កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងការផ្សាភ្ជាប់គ្នារវាងរុស្ស៉ី និងចិន នៅលើឆាក អន្តរជាតិគឺជារឿងសំខាន់បំផុត ហើយខ្ញុំអាចបញ្ជាក់បានពីជំហរគាំទ្ររបស់យើងចំពោះទីក្រុងប៉េកាំង លើបញ្ហាតៃវ៉ាន់ ស៊ីនជាំង ទីបេ និងហុងកុង»

គួរបញ្ជាក់ថា ជំនួបរវាងលោក នីកូឡៃ ផាទ្រូសេវ និងលោក វ៉ាង យី នៅក្នុងទីក្រុងមូស្គូ ធ្វើឡើង ខណៈចិនកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីជំរុញឱ្យមានកិច្ចចរចាសន្តិភាពបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន និងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោក ពូទីន ប្រកាសផ្អាកការចូលរួមរបស់រុស្ស៉ី នៅក្នុងសន្ធិសញ្ញានុយក្លេអ៊ែរដ៏សំខាន់មួយជាមួយសហរដ្ឋអាមេរិក។ លោក វ៉ាង យី ក៏ត្រូវ បានគេរំពឹងដែរថានឹងបន្តជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ នៅថ្ងៃពុធនេះ៕