(វ៉ាស៊ីនតោន)​៖ ប្រធានាធិបតីអាមេរិក លោក​ ចូ បៃដិន បាននិយាយថារុស្ស៉ីនឹងមិនអាចទទួលបានជ័យជម្នះនៅអ៊ុយក្រែននោះទេ ខណៈលោកថ្លែងសុន្ទរកថានាឱកាសបំពេញទស្សនកិច្ចក្នុង ប្រទេសប៉ូឡូញ មុននឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីឈានចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាទៅកាន់មនុស្សរាប់ពាន់នាក់ដែលប្រមូលផ្ដុំគ្នានៅឯវិមាន Royal Castle​ ក្នុងទីក្រុងវ៉ាសូវី នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ចូ បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ជនផ្ដាច់ការម្នាក់ ដែលចង់កសាងចក្រភពមួយឡើងវិញ នឹងមិនអាចយកឈ្នះក្ដីស្រឡាញ់របស់ប្រជាជនចំពោះសេរីភាពបានឡើយ ហើយអំពើឃោរឃៅក៏នឹងមិនអាចយកឈ្នះឆន្ទៈនៃសេរីភាពបាននោះដែរ»។ ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា អ៊ុយក្រែននឹងមិនអាចក្លាយជាជ័យជម្នះសម្រាប់រុស្ស៉ីនោះទេ ពោលគឺមិនអាចជាដាច់ខាត។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារនោះដែរ លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ក៏បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៉ីផងដែរ ដោយលោកនៅតែទទូចដដែលថាលោកខាងលិចគឺជា អ្នកទទួលខុសត្រូវទាំងស្រុងចំពោះសង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ជាការឆ្លើយតប លោក បៃដិន បានអះអាងថាលោកខាងលិចមិនដែលមានគម្រោងវាយប្រហារលើរុស្ស៉ីនោះទេ ហើយលោកខាងលិចនឹងបន្តគាំទ្រអ៊ុយក្រែន៕