(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានប្រកាសឱ្យដឹងថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលអាណត្តិថ្មី នៅក្នុងខែឧសភា បន្ទាប់ពីការប្រកាសរំលាយសភានៅខែក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ប្រាយុទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រូបលោកនឹងប្រកាសរំលាយសភានៅខែមីនា ដើម្បីរៀបចំការបោះឆ្នោតសកលនៅខែឧសភា។ សម្រាប់កាលបរិច្ឆេទជាក់លាក់វិញនោះ គឺត្រូវគេរំពឹងថា នឹងចំថ្ងៃទី៧ ខែឧសភា។ លោក ប្រាយុទ្ធ នឹងប្រកួតប្រជែងនៅក្រោមទង់របស់គណបក្សបង្កើតថ្មី រួមថៃសាងជាតិ ស្របពេលដែលគណបក្សកាន់អំណាចបច្ចុប្បន្ន ផាឡាន ផ្រាឆារ៉ាត់ ដែលធ្លាប់ជាបក្សរបស់លោក ប្រាយុទ្ធ ដែរនោះ បានប្រកាសតែងតាំង​ ឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វុងស៊ូវ៉ាន់ (Prawit Wongsuwan) ជាបេក្ខភាពនាយករដ្ឋមន្រ្តី កាលពីខែមុន។

គួរបញ្ជាក់ថា គណបក្សភឿថៃ ដែលមានប្រជាប្រិយភាពខ្ពស់ គឺត្រូវគេរំពឹងថា នឹងតែងតាំងអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ កូនស្រីអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ជាបេក្ខភាពម្នាក់តំណាងឱ្យបក្សរបស់ខ្លួន សម្រាប់ការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ យ៉ាងណាមិញ រដ្ឋធម្មនុញ្ញបច្ចុប្បន្នរបស់ប្រទេសថៃ ដែលត្រូវបានធ្វើវិសោធនកម្មក្រោមរដ្ឋាភិបាលយោធា គឺផ្តល់ឱ្យគណបក្សដែលជាប់ពាក់ព័ន្ធជាមួយយោធា មានប្រៀបខ្ពស់៕