(គូឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រាប់សភានៅថ្ងៃអង្គារនេះថា សមាជិកនៃគណបក្សប៉ាទ្រី គៀឌីឡាន់ (PKR) របស់លោក នឹងមិនត្រូវបានលើកលែងនោះទេ នៅក្នុងរបៀបវារៈដើម្បីលុបបំបាត់អំពើពុករលួយនៃប្រទេសម៉ាឡេស៉ី។ នេះបើយោងតាមករចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក អាន់វ៉ា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការណែនាំរបស់ខ្ញុំ រួមទាំងការប្រជុំនៅព្រឹកនេះ ជាមួយស្ថាប័នស៊ើបអង្កេតគឺត្រូវតែចាត់វិធានការ។ ខ្ញុំមិនខ្វល់ថាភាគីណានោះទេ រួមទាំងមកពីគណបក្សរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនអាចធានាបានថាគណបក្សរបស់ខ្ញុំមានភាពស្អាតស្អំ ១០០ភាគរយ ដូចសមាជិកបក្សម្ខាងទៀតដែលនិយាយថាពួកគេស្អាតទាំងអស់នោះទេ។ វាច្បាស់ណាស់ថាមិនមែនជាការពិត»

គួរបញ្ជាក់ថា ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តីខាងលើនេះ គឺឆ្លើយតបទៅនឹងសំណួររបស់លោក អាម៉ាត់ ហ្វាឌី សារី (Ahmad Fadhli Shaari) សមាជិកសភាមកពីគណបក្សប្រឆាំងប៉ាសៀ ម៉ាស់ (Pasir Mas) ដែលចោទសួរថាតើការតែងតាំងលោក អាម៉ាត់ ហ្សាហ៉ីត ហាមីឌី (Ahmad Zahid Hamidi) ជាឧបនាយករដ្ឋមន្ត្រី នឹងធ្វើឲ្យខូចដល់គោលនយោបាយលុបបំបាត់អំពើពុករលួយរបស់ប្រទេសម៉ាឡេស៊ី ដែលគ្របដណ្តប់លើអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាពដែរឬទេ។

លោក អាម៉ាត់ ហ្សាហ៉ីត ប្រធានគណបក្ស United Malays National Organisation (UMNO) កំពុងប្រឈមមុខនឹងការចោទប្រកាន់ពី បទពុករលួយចំនួន៤៧ រួមទាំងការចោទប្រកាន់ពីបទឧក្រិដ្ឋរំលោភលើទំនុកចិត្តចំនួន ៧លានដុល្លានៃមូលនិធិសប្បុរសធម៌ដែលលោកដឹកនាំ។ លោក អាម៉ាត់ ហ្សាហ៉ីត ក៏ជាតំណារាស្រ្តមួយរូបរបស់ទីក្រុងបាកាន់ ដាទុក (Bagan Datuk) ផងដែរ៕