(កៀវ)៖ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ក្រុងកៀវ ត្រូវបានគេចាត់ទុកថាជារឿងសម្ងាត់ ប៉ុន្តែបែរជាមិនសម្ងាត់ជាមួយនឹងរុស្ស៊ីឡើយ។ មន្ត្រីសេតវិមានបានជួនដំណឹងដល់ ភាគីរុស្ស៊ី នូវដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិននោះថែមទៀត។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិនជាមួយការសន្យាផ្តល់កញ្ចប់ថវិកាជំនួយយោធា៥០០លានដុល្លារបន្ថែមទៀត ត្រូវគេចាត់ទុកថាជាដំណើរដែលជម្រុញឱ្យអ៊ុយក្រែនបន្តធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ មេដឹកនាំរុស្ស៊ីលោក ពូទីន នឹងជួបជាមួយសភារុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធនៅថ្ងៃទី២២ ខែកុម្ភៈ ដែលគេរំពឹងថាជាកិច្ចប្រជុំស្វែងរកចំណាត់ការទប់ទល់នឹងវិធានការសហរដ្ឋអាមេរិកនិង លោកខាងលិចដែលចង់ឱ្យរុស្ស៊ីចាញ់ក្នុងសង្គ្រាមអ៊ុយក្រែន។

តាមពិតដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិនទៅកាន់ប្រទេសអ៊ុយក្រែនមិនបានរៀបចំសរសេរទុកក្នុងកម្មវិធីឡើយ។ មន្ត្រីអាមេរិកបានថ្លែងថា លោកប្រធានាធិបតីទើបតែសម្រេចចិត្ត ចុងក្រោយកាលពីថ្ងៃសុក្រ ដែលថាលោកនឹងធ្វើដំណើរមករដ្ឋធានីកៀវ នៃប្រទេសអ៊ុយក្រែន ដើម្បីការលើកទឹកចិត្តដល់អ៊ុយក្រែននិងជាការបង្ហាញសាមគ្គីភាពថាសហរដ្ឋអាមេរិក និងប្រ ទេសលោកខាងលិចនឹងបន្តជួយគាំទ្រជានិច្ចដល់អ៊ុយក្រែនក្នុងបុព្វហេតុធ្វើសង្គ្រាមនាភាគខាងកើតប្រទេសវាយបណ្តេញកងកម្លាំងរុស្ស៊ី។ ដំណើរត្រៀមទុកនេះ ត្រូវគេរាយការណ៍ថា បានគ្រោងជាច្រើនខែមកហើយ ដើម្បីការរៀបចំសន្តិសុខទុកជាមុន។

លោក ចូ បៃដិន ក្នុងពេល ធ្វើដំណើរចាកចេញត្រូវបានគេដឹកមកព្រលានយន្តហោះយោធា Joint Base Andrews នៅខាងក្រៅរដ្ឋធានីវ៉ាស៊ីតោន និងបានធ្វើដំណើរចាកចេញវេលាម៉ោង ៤ និង១៥នាទីព្រឹកថ្ងៃអាទិត្យ។ យន្តហោះដឹកលោកប្រធានាធិបតីអាមេរិក បានធ្វើដំណើរឆ្លងកាត់សាគរប៉ាស៊ីហ្វិក និងបានមកចុះចតចាក់សាំងនៅព្រលានយន្តហោះអាល្លឺម៉ង់ Ramstein Airbase និងបន្តដំណើរទៅព្រលានយន្តហោះ Rzeszow នាភាគខាងត្បូងរបស់ប្រទេសប៉ូឡូញ…និងបន្ទាប់ពីដំណើរតាមរថយន្តបន្តប្រមាណមួយម៉ោងពីព្រលានយន្តហោះនៅប៉ូឡូញ នោះមក លោក ចូ បៃដិន បានធ្វើដំណើរដល់ក្រុងមួយដែលជាប់តំបន់ព្រំដែនប៉ូឡូញ និងអ៊ុយក្រែនគឺក្រុង Przemysl ដែលវេលានោះ បានឈានចូលដល់យប់ថ្ងៃអាទិត្យទៅហើយ។

លោក ចូ បៃដិន បានបន្តដំណើរតាមរថភ្លើងឆ្លងកាត់ព្រំដែនប៉ូឡូញចូលមកក្នុងទឹកដីអ៊ុយក្រែនរយៈពេល១០ម៉ោងថែមទៀត ទើបលោកបានធ្វើដំណើរមកដល់រដ្ឋធានីកៀវ។ ក្នុងរយៈពេល ១០ម៉ោងនៅលើរថភ្លើង ពីព្រំដែនប៉ូឡូញបើកកណ្តាលយប់សំដៅមករដ្ឋធានីគៀវនាពេលនោះ លោក ចូ បៃដិននិងអ្នកអមធ្វើដំណើរទៅជាមួយលោក បានស្ថិតក្នុងការការពារសន្តិសុខ យ៉ាងខ្លាំងក្លាបំផុត។ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ចូ បៃដិនបានធ្វើដំណើរដល់ក្រុងកៀវ និងនៅទីនោះ លោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី និងភរិយារបស់គាត់។

ក្នុងដំណើរចូលក្នុងវិមានរង់ចាំទទួលនោះ, មន្ត្រីកំពូលនិងជំនិតសំខាន់ៗរបស់ប្រធានាធិបតី ហ្សេលេនស្គី បានឈររង់ចាំដើម្បីទទួលស្វាគមន៍រាក់ទាក់។ ដំណើរដោយឥតព្រាងទុកនេះ មិន មានការរៀបចំកម្រាលព្រំក្រហមដើម្បីធ្វើការស្វាគមន៍លោកប្រធានាធិបតីអាមេរិកឡើយ គ្រាដែលស៊ីរ៉ែនបន្លឺឡើងដើម្បីដាស់តឿនបង្កាអាសន្នបានរោទិ៍រំពងក្នុងរដ្ឋធានីកៀវជាប់ជារហូត ប៉ុន្តែ មិនមានសេចក្តីរាយការណ៍អំពីការបាញ់គ្រាប់មីស៊ីល ឬដ្រូនអត្តឃាតណាមួយរបស់រុស្ស៊ី ដាក់លើក្រុងគៀវឡើយក្នុងដំំណើរទស្សនកិច្ចរបស់លោកចូបៃដិននាពេលនោះ។ តាមពិតដំណើរ របស់លោក ចូ បៃដិន គឺជាដំណើរស្ងាត់ដ៏អាថ៌កំបាំងនោះមែន ប៉ុន្តែសេតវិមាន មិនបានលាក់រឿងធ្វើដំណើរនេះដល់ប្រទេសរុស្ស៊ីឡើយ។ មន្ត្រីទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan ដែលបានធ្វើដំណើរទៅជាមួយនឹងលោកប្រធានាធិបតីអាមេរិកបានថ្លែងថាមន្ត្រីសហរដ្ឋអាមេរិក បានជូនដំណឹងដល់មន្ត្រីរុស្ស៊ីអំពីដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់ រដ្ឋធានីកៀវ។ លោក Jake Sullivan បានថ្លែងថាលោកបានជួនដំណឹងដល់ភាគីរុស្សី ជាច្រើនម៉ោងមុនដំណើរចាកចេញរបស់លោក ចូ បៃដិនពីសហរដ្ឋអាមេរិកដែលការជូនដំណឹងនោះ គឺក្នុងគោលបំណងបញ្ចៀសការវាយប្រហារណាមួយរបស់រុស្ស៊ីដាក់មកលើដំណើរទស្សនកិច្ច របស់លោក ចូ បៃដិន។ ហេតុដូច្នេះ ហើយរដ្ឋធានីកៀវដែលតែងមានក្តីបារម្ភអំពីការវាយប្រហារ ដោយគ្រាប់មីស៊ីលនិងដ្រូនស្ទើរ គ្មានថ្ងៃលោះពីកម្លាំងរុស្ស៊ីនោះ មិនមានហេតុការណ៍អ្វីដែលកើតឡើងនៅចំពេលដែលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក នោះឡើយ។

ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិននេះ ត្រូវបានចាត់ទុកថាជាដំណើរបង្ហាញនូវកិច្ចគាំទ្រ និងសាមគ្គីភាពរបស់សហរដ្ឋអាមេរិកចំពោះការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងកម្លាំងរុស្ស៊ី។ លោក ចូ បៃដិនបានថ្លែងក្នុងពេលធ្វើសន្និសីទកាសែតសន្យាថា សហរដ្ឋអាមេរិកនឹងស្ថិតនៅជាមួយអ៊ុយក្រែនដែលធ្វើសង្គ្រាមជាមួយនឹងរុស្ស៊ីដរាបណាដែលអ៊ុយក្រែននៅត្រូវការ សហរដ្ឋអាមេរិកនោះ។ លោក ចូ បៃដិនបានថ្លែងថាលោក វ្ល៉ាឌីមៀ ពូទីន គិតខុសទាំងស្រុងដែលរំពឹងថារុស្ស៊ីនឹងអាចឈ្នះសង្គ្រាមដែលមានការគាំទ្រពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចនោះ។ លោក ចូ បៃដិនបានសន្យាផ្តល់ជំនួយយោធា៥០០លានដុល្លារនិងបញ្ជាក់ការគាំទ្រឥតសំចៃរបស់សហរដ្ឋអាមេរិកខណៈដែលសង្គ្រាមអ៊ុយក្រែន ឈានចូលខួបមួយឆ្នាំក្នុងសប្តាហ៍នេះហើយ។ លោក ចូ បៃដិន បានថ្លែងក្នុងពេលនោះថាមួយឆ្នាំមកនេះ, រដ្ឋាភិបាលគៀវនៅតែឈរ, ប្រជាជនអ៊ុយក្រែននៅតែងើបឈរបានជាដដែល និងលទ្ធិប្រជាធិបតេយ្យនៅតែបន្តមានជីវិត។

លោក ហ្សេលេនស្គី ថ្លែងថាលោកពូទីនគិតថាអ៊ុយក្រែនទន់ខ្សោយនិងគិតថាប្រទេសលោក ខាងលិចនឹងបែកបាក់គ្នា ប៉ុន្តែលោកពូទីនគិតខុសទាំងស្រុង។ លោកបានថ្លែងថាមួយឆ្នាំមកនេះ, រដ្ឋាភិបាលកៀវនៅតែឈរជាដដែល, ប្រជាជនអ៊ុយក្រែននៅតែមិនដួល និងលទ្ធិប្រជាធិបតេយ្យនៅតែបន្តមានជីវិត។ លោកថាភស្តុតាង នោះគឺមានអ្នកទាំងឡាយដែលកំពុងស្ថិតក្នុងបន្ទប់នេះ ហើយគេកាន់តែរួមគ្នារឹងមាំថែមទៀត។ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថាដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន នាពលនេះ គឺជាលើកដំបូងហើយក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ និងថាជាដំណើរទស្សនកិច្ចដ៏សំខាន់នៃប្រវត្តិសាស្ត្រថែមទៀតនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ុយ ក្រែនជាពិសេសក្នុងវេលានេះដែលជាពេល ដ៏មានសារៈសំខាន់បំផុត។

ក្នុងជំនួបជាមួយនឹងលោក ចូ បៃដិន មានការពិភាក្សាអំពីការរកលទ្ធភាពនៃការផ្តល់អាវុធបាញ់រយៈចម្ងាយឆ្ងាយ និងក៏មានការស្វែងរកការបំពាក់យន្តហោះអាមេរិក F16 ផងដែរ។ ក្នុងដំណើរទស្សនកិច្ចក្នុងក្រុងកៀវដដែលនោះដែរ លោក ចូ បៃដិន និងលោកហ្សេលេនស្គី បានធ្វើទស្សនកិច្ចព្រះវិហារ St. Michael’s Golden Domed Monastry និងគេបានឮស្នូរស៊ីរ៉ែនបន្លឺ ពាសពេញទីក្រុងខណៈដែលមេដឹកនាំទាំង២បានចាកចេញពីព្រះវិហារនោះ។ លោក ចូ បៃដិន និងលោក ហ្សេលេនស្គី បានអញ្ជើញដាក់កម្រងផ្កានៅកន្លែងរំលឹកអ្នកបាត់បង់ជីវិតអ៊ុយក្រែន Wall of Remembrance of the Fallen Heroes ដោយសារសង្គ្រាមនៅអ៊ុយក្រែននោះផងទៀត នៅមុនការចាកចេញពីរដ្ឋធានីកៀវ ទៅកាន់ប្រទេសប៉ូឡូញក្នុងដំណើរបំពេញទស្សនកិច្ចនៅ ទីនោះរយៈពេល៣ថ្ងៃជាផ្លូវការ។

នៅក្នុងប្រទេសរុស្ស៊ីនោះវិញ កម្មវិធីជជែកគ្នារបស់ទូរទស្សន៍ Flagship Talk Show 60 Minutes បានជជែកគ្នាមិនអស់ចិត្តអំពីធ្វើដំណើររបស់មេដឹកនាំអាមេរិកទៅអ៊ុយក្រែនដែលបានប្រាប់ ដល់មន្ត្រីរុស្ស៊ីក្នុងបំណងចង់ឱ្យរុស្ស៊ីមិនត្រូវរំខានដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន។ ការជជែកគ្នាក្នុងកម្មវិធី គឺការចង់ដឹងថាតើការជួនដំណឹងរបស់មន្ត្រីអាមេរិកប្រាប់មក មន្ត្រីរុស្ស៊ីនោះ គឺជាការចង់ឱ្យរុស្ស៊ីធានានូវសុវត្ថិភាពរបស់លោកចូបៃដិនមែនឬយ៉ាងណា? កម្មវិធីបានដាក់សំណួរទៅមន្ត្រីរុស្ស៊ីថា បើដូច្នោះមែន តើហេតុអ្វីបានជារុស្ស៊ីត្រូវធ្វើតាម? វាគ្មិនខ្លះបានលើកឡើងថា គេមិនអាចប្រើពេលវេលានោះដើម្បីធ្វើការបាញ់ប្រហារដាក់លើរូបលោក ចូ បៃដិនឡើយ។ កម្មវិធីបានភ្ជាប់ការជជែកជាមួយនឹងលោក Sergei Markov ដែលធ្លាប់ធ្វើជាទីប្រឹក្សាម្តងដែររបស់ លោក ពូទីន។

លោកបានថ្លែងថាការទាក់ទងរបស់មន្ត្រីអាមេរិកឱ្យរុស្ស៊ីដឹងអំពីដំណើរទស្សនកិច្ចរបស់ លោក ចូ បៃដិននោះ គឺដើម្បីការបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ។ លោកបន្តថាវាមិនមែនអំពីរឿងដែល ត្រូវសម្លាប់លោក ចូ បៃដិន ដោយការបាញ់គ្រាប់មីស៊ីលរបស់រុស្ស៊ីក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកនោះទេ។ លោកបានបញ្ជាក់ថាបើសិនជាមានការសម្លាប់លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចនាពេលនោះ វាពិតជានឹងរុញឱ្យក្លាយជាសង្គ្រាមនុយក្លេអ៊ែរជាមិនខានឡើយ។ ស្ត្រីនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅកាយវិការ របស់លោក ហ្សេលេនស្គី និងបណ្តាមេដឹកនាំក្នុងរដ្ឋាភិបាលអ៊ុយក្រែនដែលទទួលរាក់ទាក់លោក ចូ បៃដិន គឺជាអ្នកដែលលក់ព្រលឹងជាតិរបស់ខ្លួនឱ្យទៅបរទេស។ លោកស្រី Maria Zakharova បានថ្លែងថា អ្នកដែលលក់ព្រលឹងជាតិរបស់ខ្លួនដល់សហរដ្ឋអាមេរិក គង់នឹងត្រូវទទួលបាននូវភាពបរាជ័យជាមិនខានឡើយ។

ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិនក្នុងប្រទេសអ៊ុយក្រែននេះ ច្បាស់ណាស់ដែលជាការបង្ហាញថាសង្គ្រាមអ៊ុយក្រែននឹងមិនអាចបញ្ចប់បានទេនាពេលនេះ។ ដំណើររបស់លោកចូ បៃដិន គឺជា ការលើកទឹកចិត្តដល់អ៊ុយក្រែន ត្រូវតែជំរុញការប្តេជ្ញាឈ្នះលើសមរភូមិឱ្យបានបើទោះបីត្រូវមានជីវិតមនុស្សស្លាប់ជាច្រើនទៀតក៏ដោយដើម្បីធ្វើឱ្យរុស្ស៊ីទន់ខ្សោយ និងចុះចាញ់ នៅលើសមរភូមិ។ តើរុស្ស៊ីនឹងព្រមចាញ់ដែរឬទេ? មេដឹកនាំរុស្ស៊ីបានបង្ហាញរួចមកហើយថា បើគេធ្វើឱ្យរុស្ស៊ីចាញ់សង្គ្រាមនាភាគខាងកើតអ៊ុយក្រែននោះមែន, រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន។ មេដឹកនាំ រុស្ស៊ីលោក ពូទីន នៅថ្ងៃពុធ ទី២២ ខែកុម្ភៈឆ្នាំ២០២៣ នឹងត្រូវធ្វើកិច្ចប្រជុំមួយដ៏ធំជាមួយនឹងសភា Duma និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ដែលជាកិច្ចប្រជុំមុនរយៈពេល២ថ្ងៃនៃខួបមួយឆ្នាំការធ្វើ សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ គេនឹងរង់ចាំមើលថា តើរុស្ស៊ីនឹងមានវិធានការណ៍ទប់ទល់យ៉ាងណាវិញចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកដែលកំពុងរុញស្ថានការណ៍សង្គ្រាមអ៊ុយក្រែន ឱ្យកាន់តែឆេះសន្ធោរសន្ធៅបន្ថែមទៀតនេះ៕