(បាងកក)៖ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្នគឺ លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងគាំទ្រកើនឡើងគួរឱ្យកត់សម្គាល់ ធៀបជាមួយបុគ្គលដែលនាំមុខគឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ (Paetongtarn Shinawatra) ក្នុងការស្ទាបស្ទង់មតិថ្មីចុងក្រោយមួយ ស្តីពីជម្រើសបេក្ខជន ដែលមានប្រជាប្រិយភាពខ្ពស់ជាងគេសម្រាប់តំណែងនាយករដ្ឋមន្រ្តី នៅមុនការបោះឆ្នោតសកលត្រូវរៀបចំឡើងជាផ្លូវការ ក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។
លទ្ធផលស្ទង់មតិដែលទើបចេញផ្សាយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយវិទ្យាស្ថានស្រាវជ្រាវ ស៊ូភើផូល (Super Poll) បានបង្ហាញឱ្យឃើញថា អ្នកនាង ផែថោងថាន ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្រ្តីថៃ គឺលោក ថាក់ស៉ីន ស៉ីណាវ៉ាត់ (Thaksin Shinawatra) បានទទួលសំឡេងគាំទ្រ២៨.៥ភាគរយ ពីអ្នកចូលរួមស្ទង់មតិសរុបចំនួន ១,៥៧១នាក់ កាលពីចន្លោះថ្ងៃទី១៧-១៨ ខែកុម្ភៈ ខណៈលោក ប្រាយុទ្ធ តាមពីក្រោយយ៉ាងប្រកៀក ជាមួយសំឡេងគាំទ្រ ២៥.៧ភាគរយ។
ស្របពេលដែលការបោះឆ្នោតសកលអាណត្តិថ្មី នឹងត្រូវរៀបចំឡើងយ៉ាងយូរត្រឹមខែឧសភា ឆ្នាំ២០២៣នេះ លទ្ធផលនៃការស្ទង់មតិខាងលើគឺជាសញ្ញាដ៏ប្រសើរមួយសម្រាប់លោក ប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ ដែលធ្លាប់តែទទួលបានសំឡេងគាំទ្រមិនដល់ពាក់កណ្តាល នៃសំឡេងគាំទ្ររបស់អ្នកនាង ផែថោងថាន វ័យ៣៦ឆ្នាំ នោះឡើយ នៅក្នុងការស្ទង់មតិជាបន្តបន្ទាប់ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយវិទ្យាស្ថានថៃ NIDA។
យោងតាមការស្ទង់មតិរបស់ Super Poll លោក ប្រាយុទ្ធ ជាប់ជាជម្រើសកំពូលសម្រាប់តំណែងនាយករដ្ឋមន្រ្តី ក្នុងចំណោមអ្នកចូលរួមស្ទង់មតិដល់ទៅជាង ៣០ភាគរយ ដែលរស់នៅក្នុងរាជធានីបាងកក ខណៈអ្នកនាង ផែថោងថាន ទទួលបាន២១.៣ភាគរយ។ ប៉ុន្តែអ្នកនាង ផែថោងថាន ជាប់ជាជម្រើសកំពូលក្នុងចំណោមជិត ៣០ភាគរយ នៃប្រជាជនថៃដែលរស់នៅក្រៅទីក្រុងបាងកក ធៀបនឹងសំឡេងគាំទ្រ២៤.៣ភាគរយ របស់លោក ប្រាយុទ្ធ។
គួរបញ្ជាក់ថា លោក ប្រាយុទ្ធ គឺជាមេបញ្ជាការដែលបានដឹកនាំ រដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដើម្បីទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ (Yingluck Shinawatra) ដែលត្រូវជាម្តាយមីងរបស់អ្នកនាង ផែថោងថាន ហើយលោកបានបន្តកាន់កាប់អំណាច ចាប់តាំងពីពេលនោះមក រួមទាំងក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩។ ចំណែករដ្ឋាភិបាលរបស់ឪពុកអ្នកនាង គឺលោក ថាក់ស៉ីន វិញ ក៏ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ផងដែរ កាលពី២០០៦។ បច្ចុប្បន្ន ទាំងលោកស្រី យីងឡាក់ និងលោក ថាក់ស៉ីន សុទ្ធតែកំពុងរស់នៅក្រៅប្រទេស៕