(រ៉ូម)៖ ក្រុមអ្នកវិទ្យាសាស្ត្រ និងបរិស្ថាន បានឲ្យដឹងថា អាកាសធាតុក្តៅហើយស្ងួតក្នុងរដូវរងា នារយៈពេលប៉ុន្មានសប្តាហ៍មកនេះបានបង្កើនការព្រួយបារម្ភថា អ៊ីតាលីអាចប្រឈមនឹងគ្រោះរាំងស្ងួតមួយផ្សេងទៀត បន្ទាប់ពីការសង្គ្រោះបន្ទាន់កាលពីរដូវក្តៅមុន ខណៈតំបន់ភ្នំទឹកកកអាល់ (Alps) បានទទួលព្រិលធ្លាក់ប្រចាំរដូវតិចជាងពាក់កណ្តាលធៀបនឹងពេលមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ការព្រមាននេះបានកើតឡើងនៅពេលដែលទីក្រុងវីយែន (Venice) ដែលជាធម្មតាមានកង្វល់ចម្បងលើបញ្ហាទឹកជំនន់នោះ កំពុងប្រឈមនឹងជំនោរទាបខុសពីធម្មតា ដោយធ្វើឲ្យទូក ឬកប៉ាល់តូចៗ និងការសង្គ្រោះបន្ទាន់ មិនធ្វើប្រតិបត្តិការតាមច្រកផ្លូវទឹកសប្បនិម្មិតដ៏ល្បីល្បាញមួយចំនួនបាន។ បញ្ហានៅក្នុងទីក្រុងនេះ កំពុងត្រូវបានស្តីបន្ទោសលើកត្តារួមផ្សំមួយចំនួនដូចជា ការខ្វះខាតទឹកភ្លៀង ប្រព័ន្ធសម្ពាធខ្ពស់ ការប្រែប្រួលនៃនីវូសមុទ្រ។

ក្រុមបរិស្ថានឡេហ្កាំបៀន (Legambiente) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទន្លេ និងបឹង នៅអ៊ីតាលីកំពុងទទួលរងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ហើយក្រុមរបស់ខ្លួនយកចិត្តទុកដាក់ផ្តោតលើភាគខាងជើងនៃប្រទេស។ ទន្លេប៉ូ (Po) ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលីដែលហូរពីភ្នំអាល់នៅភាគពាយព្យ ទៅសមុទ្រអាឌ្រៀទិក (Adriatic) មានទឹកតិចជាងធម្មតារហូតដល់ ៦១% នៅពេលនេះនៃឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២២ អ៉ីតាលីបានប្រកាសអាសន្នរដ្ឋនៅតំបន់ជុំវិញទន្លេប៉ូ ដែលផ្គត់ផ្គង់ប្រហែលមួយភាគបីនៃផលិតកម្មកសិកម្មរបស់ប្រទេស និងទទួលរងនូវគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៧០ឆ្នាំ៕