(បែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានចិនប្រឆាំងនឹងការគាំទ្ររុស្ស៉ីនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាការធ្វើរបៀបនេះអាចនឹង បង្កឱ្យសង្រ្គាមលោកផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃចន្ទសប្ដាហ៍នេះជាមួយកាសែតអាល្លឺម៉ង់ ឌី វែល (Die Welt) និងបន្ទាប់ពីសហរដ្ឋអាមេរិកព្រមានចិនពីផលវិបាក ធ្ងន់ធ្ងរប្រសិនបើហ៊ានផ្ដល់អាវុធឱ្យរុស្ស៉ី។ ថ្លែងនាឱកាសនោះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «សម្រាប់ពួកយើង វាជាពិតជាសំខាន់ណាស់ដែលចិនមិនផ្ដល់ការគាំទ្រដល់រុស្ស៉ី នៅក្នុងសង្រ្គាមនេះ...ហើយជាការពិតណាស់ ខ្ញុំចង់ឱ្យចិនឈរនៅខាងពួកយើង តែក្នុងពេលបច្ចុប្បន្ន ខ្ញុំគិតថារឿងបែបនេះមិនអាចទៅរួចឡើយ។ តែទោះជាយ៉ាងណា ខ្ញុំមើលឃើញពីឱកាស សម្រាប់ចិនវាយជាក់ស្ដែងពីអ្វីដែលកំពុងកើតឡើងនៅទីនេះ (អ៊ុយក្រែន) ពីព្រោះថាប្រសិនបើចិនរួមដៃជាមួយរុស្ស៉ី នោះសង្រ្គាមលោកនឹងផ្ទុះឡើង ហើយខ្ញុំគិតថាចិនក៏ដឹងពីរឿងមួយនេះដែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន បានព្រមានអ្នកការទូតកំពូលចិន គឺលោក វ៉ាង យី ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ ការគាំទ្រជាសម្ភារៈឱ្យរុស្ស៉ី ជាមួយការបង្ហាញពីក្ដីបារម្ភផងដែរថាចិនកំពុងពិចារណាផ្ដល់អាវុធឱ្យទីក្រុងមូស្គូ។ ប៉ុន្តែខាងទីក្រុងប៉េកាំងក៏បានចេញមុខច្រានចោលការចោទក្រាន់នេះភ្លាមៗដែរ៕