(សេតវិមាន)៖ សេតវិមាន បានឱ្យដឹងថាខ្លួនបានជូនដំណឹងជាមុនដល់ភាគីរុស្ស៉ី ស្ដីពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន ទៅកាន់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ប៉ុន្មានម៉ោង មុនដំណើរទស្សនកិច្ចរបស់លោក បៃដិនដែលធ្វើឡើង ក្នុងគោលបំណងបង្ហាញការប្ដេជ្ញាចិត្តឥតងាករេ និងជាការរំឮកដល់ខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី លើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ការទទួលស្គាល់ព័ត៌មាននេះធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan ដែលបានអះអាងថារុស្ស៉ីទទួលបានការជូនដំណឹងជាមុនពីដំណើរទស្សនកិច្ចរបស់លោក បៃដិន ទៅកាន់អ៊ុយក្រែន ដើម្បីបញ្ចៀសរាល់ឧប្បត្តិហេតុទាំងឡាយ ប៉ុន្មានម៉ោងមុនការចេញដំណើររបស់លោក បៃដិន។ លោក Sullivan បន្តថានៅក្នុងជំនួបជាមួយលោក ហ្សេលេនស្គី លោក បៃដិន បានពិភាក្សាពីសង្រ្គាម និងតម្រូវការចាំបាច់ខាងថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌ជាដើម។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន។ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយលោកផ្ទាល់ក៏បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៥០០លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ៕