(វ៉ាសូវី)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់រដ្ឋធានីវ៉ាសូវី នៃប្រទេសប៉ូឡូញហើយ កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បន្ទាប់ពីបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ​ ឆ្នាំ២០២៣។

បើតាមការគ្រោងទុក លោក ចូ បៃដិន នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្ស៉ិច ឌូដា (Andrzej Duda) នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការជាមួយ ប៉ូឡូញ និងកិច្ចខិតខំប្រឹងប្រែងគាំទ្រអ៊ុយក្រែន រួមទាំងបក្សសម្ព័ន្ធយោធា NATO។ បន្ថែមពីលើនេះ លោក បៃដិន ក៏ត្រូវបានគេរំពឹងដែរថានឹងថ្លែងសុន្ទរកថាមួយ ដើម្បីរំឮកដល់ខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលនឹងចូលមកដល់នៅថ្ងៃទី២៤ ខែកុម្ភៈនេះ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពាន របស់រុស្ស៉ីនៅអ៊ុយក្រែន។ នៅទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរ​ចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នកជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ វាគឺជាទស្សនកិច្ចលើកដំបូងរបស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយលោកផ្ទាល់ក៏បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៥០០លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ៕