(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅថ្ងៃអង្គារនេះថាទីក្រុងប៉េកាំង ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជម្លោះក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងបន្តកើនឡើងស្ទើរតែស្ថិតនៅក្រៅការគ្រប់គ្រងទៅហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសុន្ទរកថាមួយស្ដីពីសន្តិសុខសកល លោក Qin Gang បានគូសបញ្ជាក់ថាទីក្រុងប៉េកាំង ក៏នឹងធ្វើការផងដែរជាមួយសហគមន៍អន្តរជាតិដើម្បីលើកកម្ពស់កិច្ចសន្ទនា និងការ ប្រឹក្សាយោបល់ ដោះស្រាយកង្វល់នៃគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងស្វែងរកសន្តិសុខរួម។ ដោយឡែក នៅពេលនិយាយដល់គម្រប់ខួបមួយឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខ ប្រមុខការទូតចិនរូបនេះបាននិយាយថាទីក្រុងប៉េកាំងនឹងបន្តលើកកម្ពស់កិច្ចចរចាសន្តិភាព។ «ព្រមពេលជាមួយគ្នា យើងជំរុញឱ្យបណ្ដាប្រទេសពាក់ព័ន្ធទាំងអស់បញ្ឈប់ ការចាក់សាំងបន្ថែមលើភ្លើងកំពុងឆេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាបញ្ឈប់ការទម្លាក់កំហុសលើចិន»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Qin Gang ដោយចង់សំដៅ ទៅលើការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិកថាចិនកំពុងពិចារណាផ្ដល់អាវុធឱ្យរុស្ស៉ី។

គួរបញ្ជាក់ថា បើតាមលោក Qin Gang ចិននឹងចេញផ្សាយជាសាធារណៈនូវ «សំណើមួយ» នៅក្នុងសប្ដាហ៍នេះដែលមានគោលដៅស្វែងរកដំណោះស្រាយនយោបាយ សម្រាប់ជម្លោះ នៅអ៊ុយក្រែន៕