(បែរឡាំង)៖ ទាហានអ៊ុយក្រែនម្នាក់ បានប្រៀបប្រដូចរថក្រោះ Leopard 2 របស់អាល្លឺម៉ង់ទៅនឹងរថយន្ដ Mercedes ខណៈកំពុងទទួលការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់រថក្រោះ ប្រយុទ្ធធុនធ្ងន់នេះ នៅមុនយកទៅប្រើនៅលើសមរភូមិប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទាហានអ៊ុយក្រែនម្នាក់ខាងលើ គឺស្ថិតនៅក្នុងចំណោមទាហានអ៊ុយក្រែនរាប់សិបនាក់ ដែលកំពុងទទួលបានការបណ្ដុះបណ្ដាលពីរបៀបប្រើប្រាស់រថក្រោះ Leopard 2 នៅក្នុងក្រុង មុនស្ទ័រ (Munster) ប្រទេសអាល្លឺម៉ង់។ នៅពេលត្រូវបានសាកសួរពីភាពខុសគ្នារវាងប្រព័ន្ធរថក្រោះលោកខាងលិច និងសូវៀត ទាហានអ៊ុយក្រែនរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «អ្នកអាចសាកស្រមៃពីភាពខុសគ្នារវាងរថយន្ដ Mercedes និងរថយន្ដ Zhiguli»។ Zhiguli ជាប្រភេទរថយន្ដសូវៀតដែលត្រូវបានដាក់លក់ក្រោមឈ្មោះ Lada នៅតាមបណ្ដាប្រទេស លោកខាងលិច ហើយទាហានរូបនេះក៏រំពឹងដែរថាអ៊ុយក្រែនអាចនឹងទទួលបានជ័យជម្នះនៅលើសមរភូមិ។

គួរបញ្ជាក់ថា អាល្លឺម៉ង់ បានយល់ព្រមផ្ដល់រថក្រោះ Leopard 2 សម្រាប់អ៊ុយក្រែនកាលពីខែមករាកន្លងទៅ បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសយល់ព្រមផ្ដល់រថក្រោះ Abram ឱ្យទីក្រុងកៀវ ដែលនេះជាការបញ្ជូនអាវុធធុនធ្ងន់ដ៏សំខាន់មួយដែលអ៊ុយក្រែនរំពឹងថាអាចនឹងជួយទាហានរបស់ខ្លួនសម្រេចបានជោគជ័យនៅលើសមរភូមិ៕