(យូអិន)៖ សហរដ្ឋអាមេរិក បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសការបាញ់សាកល្បងមីស៊ីលបាលិស្ទីគរបស់កូរ៉េខាងជើង និងជំរុញឱ្យទីក្រុងព្យុងយ៉ាង ត្រឡប់មករកតុចរចាឡើងវិញ ជាមួយការព្រមានថាភាពស្ងៀមស្ងាត់របស់ស្ថាប័នអន្តរជាតិកំពូលមួយនេះគឺជាគ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield ធ្វើការកត់សម្គាល់បែបនេះនៅឯកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ នៅថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ លោកស្រី Thomas-Greenfield បានសង្កត់ធ្ងន់ដូច្នេះថា «ជាការពិតណាស់ អ្នកដែលធ្វើជាខែលការពារកូរ៉េខាងជើងពីផលវិបាក ទាំងឡាយនៃសកម្មភាពបង្កហេតុបាញ់តេស្ដមីស៊ីល នឹងធ្វើឱ្យតំបន់អាស៊ី ក៏ដូចជាពិភពលោកទាំងមូលស្ថិតនៅក្នុងហានិភ័យជម្លោះ...»។ លោកស្រីបន្ថែមថាភាពស្ងៀមស្ងាត់របស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វាអាក្រក់ជាងភាពអាម៉ាស់ទៅទៀត ពោលគឺវាជារឿងគ្រោះថ្នាក់បំផុតមួយ ដោយលោកស្រីបានជំរុញឱ្យស្ថាប័នអន្តរជាតិកំពូលមួយនេះ អនុម័តសេចក្ដីថ្លែងការណ៍ថ្កោលទោសសកម្មភាពរបស់កូរ៉េខាងជើង និងជំរុញឱ្យទីក្រុងព្យុងយ៉ាងត្រឡប់មករកតុចរចាឡើងវិញ។

គួរបញ្ជាក់ថា ចិន និងរុស្ស៉ី តែងតែជំទាស់ទៅនឹងការចំណាត់ការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអះអាងថាការដាក់សម្ពាធ ឬទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង មិនមែនជាដំណោះស្រាយល្អនោះទេ ហើយជារឿយៗប្រទេសទាំង២ ក៏តែងតែបោះឆ្នោតវេតូដើម្បីការពារកូរ៉េខាងជើងពីការថ្កោលទោស និងទណ្ឌកម្ម UN ផងដែរ៕