(អង់ការ៉ា)៖ គ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៦.៤រ៉ិចទ័រ បានវាយប្រហារលើតំបន់ព្រំដែនរវាងតួកគី និងស៊ីរី នៅថ្ងៃចន្ទសប្ដាហ៍នេះដោយបានផ្ដាច់ជីវិតមនុស្សយ៉ាងហោច ៣នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស តែជាងពីរសប្ដាហ៍ប៉ុណ្ណោះក្រោយគ្រោះរញ្ជួយដីដ៏ប្រល័យមួយបានសម្លាប់មនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីអឺរ៉ុប គ្រោះរញ្ជួយថ្មីខាងលើមានចំណុចរំញ័រនៅក្នុងខេត្តហាតៃ (Hatay) ស្ថិតនៅភាគខាងត្បូងបំផុតនៃប្រទេសតួកគី និងមានជម្រៅទៅក្នុងដី ២គីឡូម៉ែត្រ។ រដ្ឋមន្ត្រីមហាផ្ទៃតួកគី លោក ស៊ូឡៃម៉ាន សយលូ (Suleyman Soylu) ក៏បានបញ្ជាក់ដែរថាមនុស្សយ៉ាងហោច ៣នាក់បានស្លាប់ និងជាង ២០០នាក់បានរងរបួស ដោយសារគ្រោះរញ្ជួយដីនេះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ និង៧.៦រ៉ិចទ័រ ដែលបានវាយប្រហារលើភាគអាគ្នេយ៍ប្រទេសតួកគី និងប្រទេស ស៊ីរី កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ បានកើនដល់លើស ៤៧,០០០នាក់ហើយ និងជាងមួយលាននាក់បាត់បង់ផ្ទះសម្បែង ព្រមទាំងបង្កការខូចខាតដល់សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ៕