(ម៉ានីល)៖ មន្ត្រីនៅទីក្រុងម៉ានីលបាននិយាយថា ហ្វីលីពីន និងសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នាអំពីការល្បាតឆ្មាំសមុទ្ររួមគ្នា រួមទាំងការល្បាតនៅសមុទ្រចិនខាងត្បូងផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០​ ខែកុម្ភ ឆ្នាំ២០២៣។

ជាមួយនឹងការទាមទារអធិបតេយ្យភាពត្រួតស៊ីគ្នានៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ ហ្វីលីពីនបានបង្កើនវោហាសាស្ត្ររបស់ខ្លួន ប្រឆាំងនឹងអ្វីដែលខ្លួនពិពណ៌នាថាជា «សកម្មភាពឈ្លានពាន» របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដែលបានក្លាយជាចំណុចមួយសម្រាប់ភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិកលើប្រតិបត្តិការដែនសមុទ្រផងដែរ។

លោក Jay Tarella អ្នកនាំពាក្យរបស់ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG) បានប្រាប់ សារព័ត៌មាន CNN ហ្វីលីពីនថា ការពិភាក្សាជាមួយសហរដ្ឋអាមេរិកបានរីកចម្រើនហួសពីដំណាក់កាលដំបូង ហើយការល្បាតរួមគ្នាទំនងជាមានកម្រិតខ្ពស់។

ទោះជាយ៉ាងណា លោក Tarella មិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំ ឬពេលវេលានៃការល្បាតដែលបានស្នើឡើងនោះទេ។ ក្នុងខែនេះមន្ទីរបញ្ចកោណបាននិយាយថា សហរដ្ឋអាមេរិក និងហ្វីលីពីន «បានយល់ព្រមបន្តការល្បាតដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង»

គួរបញ្ជាក់ថា កាលពីដើមខែនេះ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនថាបានប្រើប្រាស់ «ឡាស៊ែរកម្រិតយោធា» ដើម្បីកំណត់គោលដៅនាវារបស់ខ្លួន ដោយធ្វើឱ្យក្រុមនាវិកមើលអ្វីមិនឃើញជាបណ្តោះអាសន្ន ដែលបង្កឱ្យមានការព្រួយបារម្ភនៅក្នុងប្រទេសផ្សេងទៀតរួមទាំងប្រទេសជប៉ុន អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសចិនបានច្រានចោលការអះអាងរបស់ PCG ថា មិនពិតនោះទេ៕