(ប៉េកាំង)៖ ទីក្រុងប៉េកាំងនៅថ្ងៃចន្ទនេះបានរិះគន់ ការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថា ប្រទេសចិនកំពុងពិចារណាបញ្ជូនអាវុធទៅឱ្យរុស្ស៊ី ដើម្បីជួយដល់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅពេលសួរអំពីការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា «វាគឺជាសហរដ្ឋអាមេរិក មិនមែនប្រទេសចិនទេ ដែលដឹកជញ្ជូនអាវុធគ្មានទីបញ្ចប់ទៅកាន់សមរភូមិ»។
លោកបានសង្កត់ធ្ងន់ថា «យើងជំរុញឱ្យសហរដ្ឋអាមេរិក គិតឱ្យបានហ្មត់ចត់អំពីសកម្មភាពរបស់ខ្លួន ធ្វើបន្ថែមទៀតដើម្បីបន្ថយស្ថានការណ៍ លើកកម្ពស់សន្តិភាព និងការសន្ទនា និងបញ្ឈប់ការស្តីបន្ទោស និងការផ្សព្វផ្សាយព័ត៌មានមិនពិត»។
អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា «សហគមន៍អន្តរជាតិដឹងច្បាស់ណាស់ថា អ្នកណាកំពុងអំពាវនាវឲ្យមានការសន្ទនា និងប្រយុទ្ធដើម្បីសន្តិភាព ហើយអ្នកណាដែលកំពុងចាក់សាំងលើភ្លើង និងញុះញង់ឲ្យមានការប្រឆាំង»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ទូរទស្សន៍ CBS នៅក្នុងបទសម្ភាសន៍មួយថា ប្រទេសចិនឥឡូវនេះកំពុងពិចារណាលើការគាំទ្រដ៍ធំធេង ដល់ទីក្រុងម៉ូស្គូចាប់ពីគ្រាប់រំសេវរហូតដល់សព្វាវុធ៕