(ប៉េកាំង)៖ មន្ត្រីការទូតកំពូលសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតបានជួបគ្នាក្នុងសន្និសីទសន្តិសុខ Munich ក្នុងប្រទេសអាល្លឺម៉ង់។ ជំនួបរវាង លោក Anthony Blinken និងលោក វ៉ាង យី បាន ផ្តោតលើបញ្ហាជម្លោះបាល់ឡុងផង រឿងបាញ់មីស៊ីលថ្មីៗរបស់កូរេខាងជើងផង និងជា ពិសេសក្តីបារម្ភរបស់សហរដ្ឋអាមេរិក ខ្លាចប្រទេសចិន ផ្តល់អាវុធដល់ប្រទេសរុស្ស៊ីខណៈ សង្គ្រាមអ៊ុយក្រែនបានឈានគំរប់ខួបមួយឆ្នាំក្នុងសប្តាហ៍នេះហើយ។

មន្ត្រីការទូតកំពូលរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន បានជួបគ្នាជាលើក ដំបូងក្នុងស្ថានការណ៍ដែលសង្គ្រាមអ៊ុយក្រែនត្រូវគេរំពឹងថា នឹងវិវត្តន៍កាន់តែមានភាពសាហាវថែមទៀត បន្ទាប់ពីសប្តាហ៍ដែលមានខួបគម្រប់មួយឆ្នាំនៃការធ្វើសង្គ្រាមលើទឹកដីអ៊ុយក្រែនភាគខាងកើតប្រទេស។ ជំនួបរវាង លោក Anthony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោក វ៉ាង យី ប្រធានការិយាល័យកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន កាលពីចុងសប្តាហ៍នេះ បានផ្តោតលើបញ្ហាជម្លោះបាល់ឡុងផង រឿងបាញ់មីស៊ីលថ្មីៗរបស់កូរេខាងជើងផង មុននឹងមានការផ្តោតលើបញ្ហាសង្ស័យថា ចិននឹងអាចជួយផ្តល់អាវុធដល់រុស្ស៊ី។ ទាំងលោកលោក Anthony Blinken និងលោក វ៉ាង យី ក្នុងជំនួបជាមួយគ្នានោះបានបោះសម្តី ដាក់គ្នាទៅវិញទៅមកក្នុងជំនួបនៅសន្និសីទសន្តិសុខ Munich ក្នុងប្រទេសអាល្លឺម៉ង់ កាលពី ចុងសប្តាហ៍នេះ និងផ្តើមដំបូងពាក់ព័ន្ធនឹងជម្លោះរឿងបាល់ឡុង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បានសរសេរក្នុងបណ្តាញសង្គម ក្រោយ ការជួបជាមួយ លោក Wang Yi ប្រធានការិយាល័យកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តចិនកាលពីថ្ងៃសៅរ៍ ទី១៨កុម្ភៈ កន្លងមកនេះថា លោកបាននិយាយថ្កោលទោស ចំពោះភាពឈ្លានពានលុកលុយ នៃបាឡុងស៊ើបការណ៍របស់ប្រទេសចិន ហើយថា លោកបាន បញ្ជាក់នាពេលនោះថា ការបង្ហោះនេះមិនត្រូវឱ្យកើតមានឡើងទៀតនោះឡើយ។ លោកបានសរសេរថា លោកថែមទាំងបានព្រមានសាធារណរដ្ឋប្រជាមានិតចិនចំពោះការផ្តល់សម្ភារៈគាំ ទ្រដល់ប្រទេសរុស្ស៊ី…និងថា លោកបានបញ្ជាក់ជុំវិញសារៈសំខាន់នៃការរក្សាការបើកចំហរនូវ ខ្សែប្រព័ន្ធធ្វើទំនាក់ទំនងរវាងគ្នានិងគ្នា។

ចំណែកមន្ត្រីការទូតកំពូលរបស់សាធារណរដ្ឋប្រជាមានិតចិន លោក Wang Yi នោះវិញ ក្នុង ឳកាសថ្លែងនាសន្និសីទសន្តិសុខ Munich ក្នុងប្រទេសអាល្លឺម៉ង់នោះ លោកសំដែងការហួសចិត្ត នូវទង្វើអាមេរិកជុំវិញការប្រើអំពើហិង្សាដោះស្រាយលើបញ្ហាបាឡុងចិន ដែលជាយានគ្មាន មនុស្សបើកនិងគ្មានអាវុធដែលបំរើគោលដៅស៊ីវិលសុទ្ធសាធ។ លោកថ្លែងថា ដំណោះស្រាយ ជុំវិញឧបទ្ទវហេតុបាឡុងរបស់សហរដ្ឋអាមេរិកនោះ គឺជាព្រឹត្តិការណ៍ដែលគេ «មិនអាចនឹក ស្មានដល់»…ជាហេតុការណ៍គួរឱ្យ «ហួសចិត្ត» ហើយជាទង្វើ «មិនសមហេតុផល» ដែលបាន បំពានលើបទដ្ឋានអន្តរជាតិ។

លោក Wang Yi ប្រធានការិយាល័យកិច្ចការបរទេស​ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានថ្លែងថា «មានបាឡុងជាច្រើននៅជុំវិញពិភពលោក ដូច្នេះតើសហរដ្ឋអាមេរិកនឹង បាញ់ទម្លាក់បាឡុងទាំងអស់នោះដែរឬយ៉ាងណា?។ លោកបានថ្លែងអំពាវនាវថា «យើង សូមដាស់តឿនភាគីសហរដ្ឋអាមេរិក សូមឈប់ប្រើរឿងផ្តេសផ្តាសបែបនេះ ដែលយករឿងកិច្ច ការបរទេសចេញពីភាពចាំបាច់នយោបាយក្នុងស្រុករបស់ខ្លួន»

ជម្លោះបាឡុងរវាងសហរដ្ឋអាមេរិក និងចិននោះហើយ បាននាំឱ្យមានការផ្អាកដំណើរទស្សនកិច្ចរបស់ លោក Anthony Blinken ទៅកាន់ប្រទេសចិននាដើមខែកុម្ភៈឆ្នាំ២០២៣ ដែលការផ្អាកដំណើរទស្សនកិច្ចនោះ បានធ្វើឱ្យទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកដែលមិនទាន់បានល្អរវាងគ្នានិងគ្នានោះ កាន់តែមានសភាពយ៉ាងយ៉ឺនថែមទៀត។

លោក វ៉ាង យី ក្នុងការឆ្លើយតបសំណួរនឹងអ្នកសម្របសម្រួលសន្និសីទសន្តិសុខ Munich ដែលចង់ដឹងថា តើប្រទេសចិននឹងធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកការស្តារលើទំនាក់ទំនងនេះ ឈានរកភាពប្រក្រតីវិញដែរឬទេ? លោកវ៉ាងយី បានថ្លែងថា «យើងស្នើសហ រដ្ឋអាមេរិកបង្ហាញនូវភាពស្មោះត្រង់និងកែកំហុសរបស់ខ្លួន…ហើយត្រូវប្រឈមមុខនិងដោះស្រាយឧប្បទ្ទវហេតុនោះដែលបានធ្វើឱ្យខូចនូវទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក»។ លោកវ៉ាង យី ថ្លែងបន្តថា «យើងសង្ឃឹមថាសហរដ្ឋអាមេរិកអាចអនុវត្តបន្តនូវនយោបាយវិជ្ជមាន និងមានភាពប្រាកដច្បាស់លាស់ចំពោះចិន និងធ្វើកិច្ចការជាមួយចិនដើម្បីជម្រុញទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក វិលត្រឡប់មកលើផ្លូវរីកចំរើនដ៏រឹងមាំដូចដើមវិញ។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ក្នុងជំនួបតទល់មុខគ្នារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងមន្ត្រីការទូតកំពូលចិនលោក វ៉ាង យី ដដែលនោះផងដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងព្រមានដាក់ចិនថា មិនត្រូវធ្វើការផ្តល់ជំនួយដល់ប្រទេសរុស្ស៊ីឡើយ ខណៈសង្គ្រាមអ៊ុយ ក្រែនកំពុងតែបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅ និងឈានជិតដល់គម្រប់ខួបមួយឆ្នាំរបស់ខ្លួននោះហើយ។ ជំនួបសន្ទនានោះ ថែមទាំងបាននិយាយថ្កោលទោសដល់កូរេខាងជើងដែល ទើបបានបាញ់សាកល្បងមីស៊ីបាលីស្ទីករបស់ខ្លួននោះថែមទៀតផងដែរ។

កូរេខាងជើងកាលពីថ្ងៃសៅរ៍កន្លងមកនេះ បានបាញ់គ្រាប់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM ដែលកូរេខាងជើងបានបញ្ជាក់ថាជា អាវុធឈ្មោះ Hwasong-15…និងនៅថ្ងៃចន្ទ ទី២០ កុម្ភៈបាន បាញ់គ្រាប់មីស៊ីលបាលីស្ទីកចំនួន២គ្រាប់ទៀត ធ្លាក់ចូលក្នុងដែនទឹកភាគខាងកើតឆ្នេរសមុទ្ទ ក្នុងដែនឧបទ្វីបកូរេ ដែលជាការបាញ់លើកដំបូងបង្អស់ហើយក្នុងឆ្នាំ២០២៣នេះ។ គ្រាប់មីស៊ីលបាលីស្ទីកអន្តរទ្វីប ICBM បានហោះក្នុងចម្ងាយ៩៨៩គីឡូម៉ែត្រ ក្នុងរយៈពេលប្រមាណ៦៧នាទី ក្នុងកម្ពស់៥ពាន់៧៦៨គីឡូម៉ែត្រកន្លះ។

យោងតាមក្រសួងការពារជាតិជប៉ុន ចំណែកគ្រាប់មីស៊ីល២ដទៃទៀត ត្រូវបានបាញ់ក្នុងរង្វង់ ម៉ោង៧ព្រឹកថ្ងៃចន្ទ ទី២០កុម្ភៈ និងបានធ្លាក់ចូលក្នុងដែនសមុទ្ទជប៉ុនដែលស្ថិតនាភាគខាងកើតដែនឧបទ្វីបកូរេ។ មីស៊ីលបាលីស្ទីកទាំង២ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសជប៉ុន។

កូរេខាងជើងបានទទួលស្គាល់នូវការបាញ់គ្រាប់មីស៊ីលទាំង២ចុងក្រោយនោះទៀត និងចាត់ទុក គ្រាប់មីស៊ីលបាញ់សាកល្បងទាំង២នោះថា ជាគ្រាប់នៃលំហាត់សមយុទ្ធរបស់ខ្លួន។ កូរេខាង ជើងបានបញ្ជាក់ទៀតថា លំហាត់សមយុទ្ធនោះ គឺឆ្លើយតបចំពោះការធ្វើសមយុទ្ធរួមរបស់​កងកម្លាំងអាកាសសហរដ្ឋអាមេរិក និងកូរេខាងត្បូង ដែលបានធ្វើលំហាត់សមយុទ្ធរួមគ្នាលើលំហសមុទ្យនៃដែនឧបទ្វីបកូរេ។

សហរដ្ឋអាមេរិកនិងកូរេខាងត្បូងនៅមុនការបាញ់របស់កូរេខាងជើងនេះ បានធ្វើលំហាត់ សមយុទ្ធរួមគ្នា ដោយការធ្វើមិនដឹងមិនឮចំពោះការព្រមានរបស់កូរេខាងជើងឡើយ។ កូរេខាងជើងកាលពីថ្ងៃសុក្របានថ្លែងព្រមានថា នឹងធ្វើការឆ្លើយតបដ៏ខ្លាំងមិនធ្លាប់មាន បើសិនជា សមយុទ្ធរវាងសហរដ្ឋនិងកូរេខាងត្បូងនៅតែបន្ត។ ក្នុងការធ្វើសមយុទ្ធរួមគ្នានោះ យន្តហោះទំនើបទម្លាក់គ្រាប់បែកអាមេរិក B-1B Strategic Bombers ត្រូវបានដាក់ពង្រាយក្នុងដែនឧបទ្វីបកូរេ ជាមួយយន្តហោះចម្បាំងកូរេខាងត្បូងដែលអមជាមួយដូចជាយន្តហោះF-35A, F15K, និង F16 ជាដើម។ សហរដ្ឋអាមេរិកនិងកូរេខាងត្បូង បើយោងតាមគម្រោងនឹងបន្តការធ្វើសម យុទ្ធយោធារបស់ខ្លួននៅក្នុងសប្តាហ៍នេះ និងបន្តធ្វើនៅខែក្រោយបន្ថែមទៀត។ ការបាញ់សាក ល្បងមីស៊ីលរបស់កូរេខាងជើង ត្រូវបានគេបារម្ភខ្លាចក្រែងប៉ះពាល់ដល់ការធ្វើសមយុទ្ធរវាង សហរដ្ឋអាមេរិកនិងកូរេខាងត្បូង។

ប្អូនស្រីបង្កើតរបស់ប្រធានាធិបតីកូរេខាងជើង គឺលោកស្រី Kim Yo-jong បានថ្លែងព្រមានតាម សេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ ទី២០កុម្ភៈថា កូរេខាងជើងមានបច្ចេកវិទ្យានិងសមត្ថភាពលើការបាញ់មីស៊ីលរបស់ខ្លួន។ លោកស្រីបន្ថែមថា អ្វីដែលគេនឹងត្រូវធ្វើបន្តគឺការប្រមូលផ្តុំលើការបង្កើនចំនួនកម្លាំងទ័ព។ លោកស្រី Kim Yo-jong បានថ្លែងព្រមានទៀតថា ជំនួសនៃការសង្ស័យ ឬបារម្ភអំពីបច្ចេកវិទ្យារបស់អ្នកដទៃណាម្នាក់នោះ គេគួរតែគិតឱ្យបានស៊ីជម្រៅថា តើត្រូវចាត់វិធានការអ្វីខ្លះ ដើម្បីនឹងត្រូវការពារខ្លួនឯងនោះវិញ។ លោកស្រីបានថ្លែងបន្តថា ប្រសិនបើកូរេខាងជើងយល់ថា វត្តមានរបស់កងកម្លាំងអាមេរិកក្នុងតំបន់ជាគ្រោះគំរាមកំហែង នោះគេនឹងចាត់វិធានការពាក់ព័ន្ធនោះដូចគ្នា។ លោកស្រី Kim Yo-jong បានថ្លែងបញ្ជាក់ទៀតថា ភាពញឹកញាប់នៃការប្រើប្រាស់សមុទ្ទប៉ាស៊ីហ្វិកជាតំបន់ នៃរង្វង់បាញ់របស់កូរេខាងជើង គឺនឹងត្រូវមើលទៅលើធម្មជាតិនៃការប្រើប្រាស់យោធាសហរដ្ឋអាមេរិក។

ក្រោយការពិភាក្សាគ្នាពាក់ព័ន្ធនឹងរឿងជម្លោះបាឡុង និងក្តីបារម្ភអំពីការបាញ់មីស៊ីលបាលី ស្ទីកសាជាថ្មីរបស់កូរេខាងជើង ប្រធានបទមួយដ៏ធំបង្អស់គឺរឿងជម្លោះរុស្ស៊ីនិងអ៊ុយក្រែនក៏បានលើកយកមកពិភាក្សាផងដែរ។

រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អ៊ែនថូនី ប្ល៊ីងឃិន ​បានថ្លែងព្រមានដល់មន្ត្រីចិនអំពីផលវិបាក​ដែលនឹងអាចកើតមានប្រសិន ​បើចិនផ្ដល់ការគាំទ្រជាសម្ភារៈដល់ប្រទេស​រុស្ស៊ី ​ក្នុងការធ្វើសង្គ្រាមឈ្លានពានភាគខាងកើតអ៊ុយក្រែននោះ ។

សហរដ្ឋអាមេរិកវេលាចុងក្រោយនេះបានថ្លែងសង្ស័យថា ប្រទេសចិនអាចផ្គត់ផ្គង់អាវុធជួយ​រុស្ស៊ី។ ក្រុមសម្ងាត់របស់សហរដ្ឋអាមេរិកបានសង្ស័យថា ប្រទេសចិនកំពុងពិចារណាការផ្តល់អាវុធ និងគ្រាប់រំសេវជួយដល់រុស្ស៊ី ខណៈអ៊ុយក្រែនដែលមានការជួយផ្តល់អាវុធពីសហរដ្ឋអា មេរិក និងក្រុមបស្ចឹមប្រទេសត្រៀមនឹងបើកយុទ្ធការវាយប្រហារដ៏ធំមួយក្នុងនិទាឃរដូវខាង មុខនេះ ដើម្បីរំដោះទឹកដីភាគខាងកើតអ៊ុយក្រែនចេញពីការគ្រប់គ្រងរបស់រុស្ស៊ី។ ប៉ុន្តែរាល់ការចោទប្រកាន់និងការសង្ស័យរបស់សហរដ្ឋអាមេរិកទាំងអស់ ត្រូវបានប្រទេសចិន បដិសេធថាជារឿងមិនពិតឡើយ។ សប្តាហ៍កំពុងមកដល់នេះ គឺជាសប្តាហ៍ដែលគំរប់ខួបមួយ ឆ្នាំនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានដាក់កម្មវិធី ធ្វើដំណើរមកប្រទេសប៉ូឡូញនៅថ្ងៃទី២០កុម្ភៈនេះហើយ។ តើនឹងមានអ្វីកើតឡើងខ្លះ នៅថ្ងៃទី ២៤កុម្ភៈឆ្នាំ២០២៣នេះ?