(កៀវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន ក្នុងអំឡុងពេលទស្សនកិច្ចដោយមិនប្រកាសទុកមុន ទៅកាន់រដ្ឋធានីអ៊ុយក្រែននៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈនេះ ដោយបង្ហាញពីសាមគ្គីភាពជាមួយក្រុងកៀវ មុនថ្ងៃខួប១ឆ្នាំនៃការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ស៊ីរ៉ែនបានបន្លឺសំឡេងពេញរដ្ឋធានីអ៊ុយក្រែន ខណៈដែលលោក បៃដិន បានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប៉ុន្តែមិនមានរបាយការណ៍អំពីការបាញ់មីស៊ីល ឬការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីឡើយ។

លោក ហ្សេលេនស្គី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ លោក បៃដិន គឺជាសញ្ញាដ៏សំខាន់បំផុតនៃការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែនទាំងអស់។

ដោយឡែកលោក បៃដិន បាននិយាយថា វ៉ាស៊ីនតោននឹងឈរជាមួយអ៊ុយក្រែនគ្រប់ស្ថានការណ៍ទាំងអស់។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន ការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

នាឱកាសនោះដែរ លោក បៃដិន សន្យាថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃ ៥០០លានដុល្លារដល់ទីក្រុងកៀវ ដែលនឹងត្រូវប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ ដោយនឹងរួមបញ្ចូលទាំងគ្រាប់រំសេវបន្ថែមទៀត សម្រាប់ប្រព័ន្ធមីស៊ីលកាំភ្លើងធំចល័ត។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ វាគឺជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចចេញប្រទេសជាលើកដំបូង កំលុងពេលមានសង្រ្គាម ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក៕