(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខិន ( Antony Blinken) បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងវ៉ាស៉ីនតោនពិតជាគាំទ្រយ៉ាងខ្លាំង ដល់ការចូលជាសមាជិកអង្គការណាតូ (NATO) របស់ស៊ុយអែត និងហ្វាំងឡង់ ក្នុងពេលឆាប់ៗ ខណៈតួកគីនៅតែសង្កត់ធ្ងន់លើតម្រូវការអនុវត្តលើជំហានជាក់ស្តែងបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្រ្តីការបរទេសតួកគី លោក មេវលុត កាវ៉ូសូគ្លូ (Mevlut Cavusoglu) នៅទីក្រុងអង់ការ៉ា លោក ប្លីនខិន បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិកមានការគាំទ្រយ៉ាងខ្លាំង សម្រាប់ការចូលជាសមាជិក ក្នុងអង្គណាតូរបស់ស៊ុយអ៊ែត និងហ្វាំងឡង់ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ការពង្រីកសមាជិកភាពរបស់ណាតូ មិនមែនជាបញ្ហាទ្វេភាគីនោះទេ»

គួរបញ្ជាក់ថា បើតាម លោក កាវ៉ូសូគ្លូ ភាគីទាំងអស់នៅក្នុងបក្សសម្ព័ន្ធយោធាមួយនេះ ត្រូវតែបញ្ចុះបញ្ចូលស៊ុយអែតជាពិសេសឲ្យចាត់វិធានការបន្ថែមទៀត ដើម្បីដោះស្រាយកង្វល់របស់ទីក្រុងអង់ការ៉ា និងទទួលបានការគាំទ្រសម្រាប់ដំណើរការចូលជាសមាជិកអង្គការណាតូ៕