(កៀវ)៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុននោះឡើយ មុនគម្រប់ខួប ១ឆ្នាំគត់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅទីក្រុងកៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ លោក ហ្សេលេនស្គី បានបង្ហោះរូបថតអ្នកទាំងពីរ​ចាប់ដៃគ្នា ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អ្នកជាសញ្ញាដ៏សំខាន់បំផុត បង្ហាញពីការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន»។ វាគឺជាទស្សនកិច្ចលើកដំបូង របស់លោក បៃដិន មកកាន់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ កាលពីខែធ្នូ ឆ្នាំ២០២២ លោក ហ្សេលេនស្គី បានបំពេញទស្សនកិច្ចចេញប្រទេសជាលើកដំបូង កំលុងពេលមានសង្រ្គាម ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កន្លងមកនេះ សេតវិមានបានប្រកាសថា លោក បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសប៉ូឡូញ ដែលនៅជាប់អ៊ុយក្រែន ក្នុងថ្ងៃអង្គារសប្តាហ៍​នេះ សម្រាប់ឱកាសខួប១ឆ្នាំ បន្ទាប់ពីរុស្ស៉ីបានលើកទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងការប្រកាសនោះ សេតវិមានបានអះអាងថា លោក បៃដិន ពុំមានផែនការ​ជួបជាមួយលោក ហ្សេលេនស្គី ឬធ្វើដំណើរមកកាន់ទីក្រុងកៀវទេ។ ប៉ុន្តែក្រោយមានដំណឹងនៃវត្តមានរបស់លោក បៃដិន នៅទីក្រុងកៀវនាថ្ងៃចន្ទនេះ សេតវិមានក៏បានចេញសេចក្តីថ្លែងការណ៍ផ្លុវការ ដើម្បីទទួលស្គាល់ផងដែរ៕